អភិបាលខេត្ត​សៀមរាប​អំពាវនាវ​ឱ្យ​យុវជនខ្មែរ​ជំនាន់ក្រោយ ​ត្រូវ​ធ្វើ​ការ​សិក្សា​ពីប្រវត្តិសាស្រ្ត នៃការឈឺចាប់របស់ប្រជាជនខ្មែរ​ឱ្យ​បាន​កាន់តែច្រើន

AKP សៀមរាប ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩​ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តខេត្តសៀមរាប បាន​​អំពាវនាវ​ឱ្យ​យុវជនខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ធ្វើ​ការ​សិក្សា​ពីប្រវត្តិសាស្រ្តរបស់ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន និងចងចាំជានិច្ចនូវភាព​ឈឺចាប់ ​ដែល​ប្រជា​ពលរដ្ឋ​រខ្មែរយើង​បាន​ជួប​នាពេល​កន្លង​មក។ ​​ថ្លែង​នៅ​ក្នុង​ទិវានៃការចងចាំ ២០ ឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា បានថ្លែងថា ថ្ងៃ២០ ឧសភា គឺជាថ្ងៃ​នៃការចងចំានូវភាព​ឈឺចាប់បំផុត របស់ ប្រជាពលរដ្ឋខ្មែរ ពីព្រោះថា កាលពីថ្ងៃ២០​ឧសភា​ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលពួកខ្មែរក្រហម បានបើកមហា​​សន្និ​បាត ដើម្បីអនុវត្ដន៍នូវ​ផែនការ​ប្រល័យពូជសាសន៍ ក្នុងការកាប់សម្លាប់​មនុស្សយ៉ាង​ឃោរឃៅ និងព្រៃផ្សៃបំផុត មកលើប្រ​ជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក្រោយ​ពី​ទ្បើងកាន់​អំណាច​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​​១៩៧៥។ ទន្ទឹមនេះ ផែនការប្រល័យ​ពូជ​សាសន៍​នេះ គឺពួកខ្មែរ​ ក្រហម​បានអនុវត្ដន៍​យ៉ាង​ពេញ ទំហឹងចាប់ពីឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៩ ។ឯក​ឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យយុវជនកុំជឿលើការបង្ហោះសារតាម​ហ្វេស​ប៊ុកខ្លាំងពេក ព្រោះមានឯក​សារខ្លះមិនពិត ​បើយុវជនចង់ដឹងពីប្រវត្តិរបស់ប្រទេសយើង​ច្បាស់​គួរតែអាន​សៀវភៅប្រវត្តិសាស្រ្តនៅតាម​បណ្ណាល័យជាតិល្អជាងការមើលតាមហ្វេសប៊ុក។

ឯក​ឧត្តម​បាន​បញ្ជាក់ថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឱ្យឃើញថា ទោះបីជារឿងរ៉ា​វ​នេះបានកន្លងផុតក្នុងអតីតកាលអស់ជាង៣០ឆ្នាំ ឬក៏៦០ឆ្នាំទៀតក៏ដោយ ប៉ុន្តែរឿងនេះគឺជា​រឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង ដែលធ្វើឱ្យបងប្អូនប្រជា​ពលរដ្ឋទាំងអស់គ្នាពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ចធម៌ប្រវត្តិសាស្ត្រ ទោះបី​ជាជនរួមជាតិជំនាន់ក្រោយពុំបានឆ្លងកាត់ក៏ដោយ ក៏ពួកគាត់នឹងសិក្សាឈ្វេងយល់អំពី​ប្រវត្តិ​សាស្ត្រនេះ ក្នុងនាមជាកូនខ្មែរ ជាជាតិខ្មែរ ដែលមានជីដូនជីតា ឪពុកម្តាយ និងបងប្អូនរបស់​ខ្លួន​បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ ប្រវត្តិសាស្ត្រនេះ​​ក៏ត្រូវ បានទទួលស្គាល់ពាសពេញពិភពលោក តាមរយៈការនាំយកមេដឹកនាំក្នុងរបបខ្មែរ​ក្រហម​មកកាត់​ទោសនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ឯកឧត្តមបានបន្ថែមថា នេះគឺ​ជាការផ្តល់នូវយុត្តិធម៌ជូនរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សារបួសស្នាម​ទាំងផ្លូវកាយ និងផ្លូវចិត្ត ជូនជនរួមជាតិដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតនេះ។ ជាមួយគ្នានេះដែរ ក្នុងទិវានៃការចងចាំនេះដែរ អាជ្ញាធរខេត្តសៀមរាប​ បាន​រៀប​ចំពិធីបង្សូល និងរាប់បាត​ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងជនរួមជាតិ​ដែលបានចែកឋានទៅ ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត សូមឱ្យបានទៅកាន់ សុគតិភព​​កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ឃុត សៅ