ខេត្តកំពង៉ចាមរៀបចំទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភានៅ​មណ្ឌលឧក្រិតកម្មភ្នំប្រុស​ ក្នុងស្រុកកំពង់សៀម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហ៊ាង ចាន់ថា ខេត្ត កំពង់ចាម៖

នៅ​ឆ្នាំនេះ ទិវា​នៃ​ការចងចាំ ថ្ងៃ​ទី២០​ ខែឧសភា ឆ្នាំ២០១៩​ អាជ្ញាធរខេត្តកំពង៉ចាមបានរៀបចំពិធី រាប់​បាត នៅ​មណ្ឌលឧក្រិតកម្មភ្នំប្រុស​ ក្នុងស្រុកកំពង់សៀម​នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩ ក្រោមអធិបតីភាព​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ រួមទាំងមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ព្រះសង្ឃ​ យុវជន​ និងបងប្អូនប្រជាពលរដ្ឋ​ជាច្រេីននាក់​ ដើម្បី​ឧទ្ទិស​កុសល ជូន​ដល់​អ្នកស្លាប់ ក្នុង​របប​ខ្មែរក្រហម ដូច​រៀងរាល់ឆ្នាំ​។


រីឯនៅតាមបណ្តាស្រុកក្រុងនានា ក៌មានរៀបចំពិធីជួបជុំ រម្លឹកដល់សោកនាដកម្មនេះផងដែរ។
ឯកឧត្ដម​ គួច​ ចំរើន​បានមាន ប្រសាសន៍ថា ថ្ងៃ​២០​ឧសភា ជា​ទិវា​ជាតិ​នៃ​ការចង់ចាំ​” ដែល​រំ​ឮ​ក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​៦​មករា ឆ្នាំ​១៩៧៩​។ ថ្ងៃ​២០​ឧសភា ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ជា​ថ្ងៃបុណ្យ​ជាតិ ដែល​ត្រូវ​ឈប់សម្រាក ស្របតាម​អនុក្រឹត្យ​លេខ​១៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​គោល​បំ​ណ​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា គឺ​បង្កើតឡើង ដើម្បី​រំឭក និង​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ជាង ៣​លាន​នាក់ នៅក្នុង​របប​ប៉ុលពត​ដ៏​ឃោរឃៅ​។​


ឯកឧត្ដម​ គួច​ ចំរើន​លើកឡើងថា
​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប បានដឹង និង​យល់ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ក្នុង​របប​ខ្មែរក្រហម ដែលជា​ការកាប់សម្លាប់​បំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​គ្មាន​ពេល​សម្រាក ពេល​ឈឺ គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​ឆ្អែត គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ នៅក្នុង​របប​ខ្មែរក្រហម ប៉ុលពត រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ​៕