អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​រាជធានីភ្នំពេញ​ ធ្វើ​ពិធីរំលឹក​វិញ្ញា​ណក្ខណ្ឌដល់អ្នកស្លាប់​នៅក្នុង​របប​ប្រល័យ​ពូជ​សាសន៏ នៅ​មជ្ឈ​មណ្ឌល​ប្រ​ល័យ​ពូជសាសន៏ជើងឯក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖  រាជធានីភ្នំពេញ៖​ មានរយៈពេល៤០ឆ្នាំហើយដែលប្រជាពលរដ្ឋខ្មែរ​នៅ​តែចង​ចាំ​មិន​អាចបំភ្លេចបាន នោះគឺរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (របបប៉ុលពត) ដែលបង្ក​វិនាស​​កម្មយ៉ាង​សា​ហាវ ឃោឃៅ ព្រៃផ្សៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និរាសព្រាត់ប្រាស់បែក​បាក់ក្រុម​គ្រួ​សារឳពុក ម្តាយព្រាត់កូន ប្រពន្ធព្រាត់ប្តី បងព្រាត់ប្អូនរហូតមកដល់សពថ្ងៃនេះ។

ទោះជា​មាន​រយៈ​ពេល​យូយ៉ាងនេះក្តី តែបើយើងនឹកគិតហើយគ្រាន់តែបិទភ្នែកស្រម័យបន្តិចនោះ យើង​នឹក​ឃើញ​ភ្លាម​​ហាក់នៅនឹងភ្នែកស្រស់ៗនូវភាពឈឺចាប់ទាំងនោះ គឺនៅតែដិត​ជាប់​ក្នុង​បេះដូង​ខ្មែរ​តែម្តង ដែលមិនអាចបំភ្លេចបានឡើយ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ឧសភា២០១៩នេះ ប្រ​ជាពល​រដ្ឋ រាជធានីភ្នំពេញ ដោយមានការរៀបចំពីគណបក្សប្រជាជនរាជធានីភ្នំពេញ និង​សា​​លា​រាជ​ធា​នី ភ្នំពេញ បាន​ធ្វើ​ពិធីរំលឹក​វិញ្ញា​ណក្ខណ្ឌដល់អ្នកដែលបានបាត់បង់ជីវិត​នៅក្នុង​របប​ប្រល័យ​ពូជ​សាសន៏ នៅ​មជ្ឈ​មណ្ឌល​ប្រ​ល័យ​ពូជសាសន៏ជើងឯក ស្ថិតក្នុងសង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ពិធីខាងលេីនេះធ្វើឡើងដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលភ្នំពេញ ឯកឧត្តម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជ​ធានី​ភ្នំ​ពេញ ឯកឧត្តម​​ ប៉ា​ សុជាតិវង្ស​ ប្រធាន​គណ:បក្ស​ប្រជាជន​រាជធានីភ្នំពេញ​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ និងមាន​មហា​ជនចូលរួម​រាប់​ពាន់​នាក់ ដោយមាន​ការ​អានវិយោគកថា ព្រមទាំងសំដែងឈុតឆាក សង្ខេប​ខ្លីៗ ពីប្រវត្ត ខ្លះៗ នៅ​​ក្នុង​របបប្រ​ល័យ​ពូជសាសន៏ ដោយក្រុមសិល្បះនៃ​សាកលវិទ្យា​ល័យវិចិត្រសិល្បះ និង​រាប់បាត​ព្រះសង្ឃ​ចំនួន២០៧អង្គផងដែរ ដើម្បីឧទ្ទិសកុសល ផល​បុណ្យដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ចំនួន៨៩៨៥នាក់ដែលត្រូវបានពួកប្រល័យពូជសាសន៏​ប៉ុលពត យកមកសំលាប់នៅជើងឯកនេះ​ ។


​ ២០ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពល​រដ្ឋ​កម្ពុជានៅតែចាំទុកមិនអាចបំភ្លេចបាននូវសម័យកាលនរកអវចីដែលបានកើតឡើងហាក់នៅស្រស់ៗនៅឡើយលើទឹកដីនៃមាតុភូមិកម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០​ថ្ងៃនៃរបប​កម្ពុជា​ប្រជាធិបតេយ្យប្រល័យពូជសាសន៏។


ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបានចូលរួមបានសំរួមកាយវាចារចិត្តនៅចំពោះមុខ​ស្តូប​តំកល់អដ្ឋិធាតុជនរងគ្រោះនៅមជ្ឈមណ្ឌលប្រល័យពួជសាសន៏ជើងឯកដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ក្នុងឱកាសនោះ តំណាងសិស្ស និស្សិត ,បញ្ញវន្ត,តំណាងក្រុមការងារយុវជន និងតំណាង យុវជនមូស្លីមកម្ពុជា ,តំណាងជនរងគ្រោះ បានលើកឡើងពីចំណាប់អារម្មណ៏របស់ខ្លួន ដោយបានរំលឹកឡើងវិញ​ពីទុក្ខវេទនា​ដ៏សែនឈឺ​ចាប់ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត ទាំងផ្លូវកាយ និងផ្លូវចិត្តដែលត្រូវ​បានពួកឃាត​ករ​អាវ​ខ្មៅ កាប់សំលាប់យ៉ាងសាហាវឃោ ឃៅព្រៃផ្សៃ។ភាពសោកសង្រេង និងរន្ធត់ញ៉ាប់​ញរ័​លាយឡំដោយវិប្បយោគដ៏ខ្លោចផ្សា ដែលលើក​យកមកសំដែង​ឡើងវិញដោយ​ក្រុមសិល្បះ​នៃ​សាកលវិទ្យាល័យវិចិត្រសិល្បះ បានអង្រួនទឹកចិត្តអ្នកចូលរួមពិធី​ឲ្យនឹកឃើញនូវ​ទុកសោក​ដែលមិនអាចពណ៌នាបានក្នុង របបពេជឃាដនេះ ហាក់នៅថ្មីៗចំពោះមុខនៅឡើយ និងហាក់​បានចំណាររៀបរាប់ពីវិធីធ្វើ ទារុណកម្មគ្រប់បែបយ៉ាង ធ្វើឲ្យអ្នកចូលរួមនឹក​សង្វែក និងមាន​អ្នកខ្លះយំទៀតផង ។រយៈពេល៤០ឆ្នាំបានកន្លងផុត ទៅមែន តែស្រមោលអន្ធកាល​ដ៏ងងិត​សូន្យ​សុងពោរពេញដោយទុក្ខវេទនា,ឈឺចាប់ខ្លោច ផ្សានិរាសប្រាត់ប្រាស់ក្នុងរបបកម្ពុជា​ប្រ​ជា​ធិបតេយ្យហាក់នៅថ្មីៗនៅឡើយ ។


មន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌលប្រ​ល័យ​ពូជសាសាន៏ឧក្រិដ្ឋកម្មជើងឯក​បានឲ្យដឹងថា មជ្ឈ​មណ្ឌលឧក្រិដ្ឋកម្មជើងឯកនេះ ជាទីពិឃាដដ៏ធំ​មួយ​ ក្នុង​ចំណោមទីពិឃាដជាង៣០០កន្លែង​នៅ​​ទូទាំង​ប្រទេស​កម្ពុជាក្នុង​របប​កម្ពុ​ជា​ប្រជាធិបតេយ្យខ្មែរក្រហម ហើយមជ្ឈមណ្ឌលនេះ មាន​ជនរង​គ្រោះដែលបានស្លាប់ចំនួន៨៩៨៥នាក់ រណ្តៅសរុប​១២៩​​រណ្តៅ រណ្តៅជីករួចមាន​ចំនួន​៨៦​រណ្តៅ និងមានជនបរទេស៩នាក់ទៀតផង ៕