ប្រជាពលរដ្ឋនិងអាជ្ញាធរឃុំពង្ររួមគ្នាគោរពវិញញ្ញាណក្ខន្ធនិងរាប់បាត្របង្សុកូលក្នុងទិវាចងចាំ២០ ខែឧសភា

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហុក សុខរិន៖

 ប្រជាពលរដ្ឋនិងអាជ្ញាធរឃុំពង្រស្រុកកោះសូទិន ខេត្តកំពង់ចាមរួមគ្នាគោរពវិញញ្ញាណក្ខន្ធនិងរាប់បាត្រ បង្សុកូល ក្នុងទិវាចងចាំ២០ ខែឧសភាដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហមដ៏សាហាយង់ខ្នង។

នៅព្រឹកថ្ងៃទី២០ខែឧសភានេះ ប្រជាជនក្មេងចាស់ប្រុសស្រីសិស្សានុសិស្សនិងអជា្ញធរឃុំ ពង្រស្រុកកោះសូទិនជាច្រើនាក់បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ និងរាប់បាត្រព្រះសង្ឃជាច្រើនអង្ដគង់នៅវត្ត ពង្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ។


ពិធីនេះត្រូវបានរៀបចំដោយអាជ្ញាធរឃុំពង្រក្រោមអធិបតីភាពលោកជំទាវឈឹមពៅ សុខកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពង្រ រួមទាំងមន្រី្តរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាជាច្រើននាក់ទៀត។
នៅក្នុងទិវាចងចាំនេះអង្គពិធីទាំងមូលក៏បានរួមគ្នាកាន់មរណៈទុក្ខរំលឹកភាពឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ដែលបានស្លាប់ក្រោម​ការ​ដឹកនាំ​របស់​ខ្មែរ​ក្រហម ហើយរួមគ្នាប្តេជ្ញាទប់ស្កាត់កុំ ឲ្យរបបដ៏សែនឃោឃៅខ្លោចផ្សារនេះ អាច វិលត្រលប់មកសារជាថ្មី។
លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថា ការរួមគ្នារំលឹកទិវាចងចាំនេះមានសារះសំខាន់ណាស់ដើម្បីអោយកូខខ្មែរគ្រប់រូបបានចងចាំរហូត នូវរាល់ការធ្វើទារុណកម្ម ឃោឃៅព្រៃផ្សៃ និងអមនុស្សធម៌ដោយរបបប្រល័យពូជសាសន៍នៅលើទឹកដីនៃមាតុភូមិកម្ពុជា។លោកជំទាវអគ្គនាយិកាបញ្ជាក់ថា សេចក្តីចងចាំនេះបានកសាងផ្លូវចិត្តធ្វើអោយប្រជាពលរដ្ឋកាន់តែស្រលាញ់សុខសន្តិភាពដែលកើតចេញពីការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាហើយរួបរួមគ្នាប្រឆាំងទប់ស្កាត់មិនអោយរបបវាលពិឃាតនេះកើតមានសារជាថ្មីលើទឹកដីកម្ពុជាតទៅទៀតដូចសម័យអតីតកាល។
លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានប្រឆាំងដាច់ខាតចំពោះជនអគតិនៅក្រៅច្បាប់មួយចំនួនដែលចង់បង្កភាពវឹកវរនៅក្នុងសង្គម គឺមិនអោយផែនការនោះកើតមានឡើយ ដើម្បីការពារសុខសន្តិភាព និងស្ថេរភាពដែលធ្វើអោយប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។
លោកហេង ហ៊ុនប្រធានក្រុមប្រឹក្សាស្រុកកោះសូទិន ខេត្តកំពង់ចាម បានមានប្រសាសន៍ថា អាជ្ញាធរបានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាម ដើម្បីផ្តល់ឱកាសអោយប្រជាពលរដ្ឋបានជួបជុំគ្នាធ្វើពិធីរំលឹកចងចាំពីសេចក្តីទុក្ខវេទនាផង និងបានធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ជំនាន់ខ្មែរក្រហមផង។
លោកសេង សារឿនប្រជាពលរដ្ឋរស់នៅក្នុងឃុំពង្រដែលបានចូលរួមក្នុងកម្មវិធីនេះ មានប្រសាសន៍ថា ទោះបីជារបបខ្មែរក្រហមនេះបានរលត់ផុតជាច្រើនឆ្នាំក៏ពិតមែន តែសេចក្តីឈឺចាប់ សេចក្តីតក់ស្លុត និងភាពភ័យខ្លាចនៅតែដក់ជាប់ក្នុងអារម្មណ៍ជានិច្ច ដែលពួកប៉ុលពតបានកាប់សម្លាប់ ធ្វើទារុណកម្មគ្មានប្រណីដៃចំពោះសាច់ញាតិនិងប្រជាជនខ្លួនឯង។ លោកបន្តថា ភាពរស់រានមានជីវិតមក ដល់សព្វថ្ងៃនេះគឺជាសំណាងធំណាស់ក្រោមការរំដោះនៃទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានធ្វើឲ្យប្រជាជនរួចផុតពីគ្រោះប្រល័យពូជសាសន៍ មានសិទ្ធិរស់រានមានជីវិត មានសេរី ភាពពេញលេញក្នុងការចិញ្ចឹមជីវិតតាមបំណងប្រាថ្នារបស់ខ្លួន។
សូមជម្រាបថា ការប្រារព្ធទិវា​​ចងចាំ២០ឧសភា ក្នុងឆ្នាំ២០១៩នេះ គឺគំរប់ខួបលើកទី ៤០ឆ្នាំហើយ
ដែលរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយសម្តេចពោធិសាល ជា ស៊ីម សម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានរំដោះប្រជាជនចេញពីរបបព្រៃផ្សៃខ្មែរក្រហម ហើយបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងការរីកចំរើនលើគ្រប់វិស័យ៕