ថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣មានគណបក្សចំនួន៣ធ្វើសកម្មភាពឃោសនា

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ ថ្ងៃនេះទី១៨ ខែឧសភា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី ២ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយ ចំនួន ៣ បានធ្វើសកម្មភាពឃោសនា នៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

១. គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តតាកែវ ប្រជុំឃោសនាតាមទីស្នាក់ការបក្សខេត្ត ក្រុង ស្រុក និងជួបជុំសកម្មជន បេក្ខជន ចាក់មេក្រូ នៅខេត្តចំនួន ១៣ រួមមានខេត្តមណ្ឌលគិរី សៀមរាប ព្រះសីហនុ ស្វាយរៀង ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្ទឹងត្រែង កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុបប្រមាណ ៣,៨០០នាក់។

២. គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅទីស្នាក់ការបក្ស ខេត្តសៀមរាប កំពង់ស្ពឺដោយមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

៣. គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយនៅឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់។

ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃទី ២ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌ​​ទូទាំងប្រទេស៕