ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងអំពាវនាវឲ្យអ្នកនេសាទ បង្កើនការគោរពច្បាប់ជលផល

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្នុងរដូវបិទនេសាទចាប់ពីខែឧសភានេះទៅបានចុះពង្រឹងយន្តការអភិរក្សធនធានជីវចំរុះ និងមច្ឆជាតិទន្លេមេគង្គ ដើម្បីធ្វើឱ្យសំបូរបែបឡើងវិញ ហើយកត្តានេះ អ្នកនេសាទត្រូវនាំគ្នា គោរពច្បាប់ជលផលឲ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ជលផលបន្ថែមនៅរដូវបិទនេសាទឆ្នាំ២០១៩នៅចំណុចស្ពានមេគង្គ ក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជាក់ថាៈ អ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈស្រឡាញ់ធនធានជីវចំរុះ ដែលមាននៅតាមដងទន្លរមេគង្គជាពិសេសនៅរដូវបិទនេសាទនេះចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់។

លោកពន្យល់ថា៖បញ្ហានេះ ភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗព្រោះកន្លងមកមន្ត្រីជលផលបានប្រើវិធីសាស្ត្រអប់រំគ្រប់រូបភាពហើយ និងមានពេលខ្លះក៍បានដកហូតនៅឧបករណ៍មានឃាត់ទាំងនោះផងដែរ។
“អញ្ចឹងទេខាងជលផលនៅតែទាមទារ ឱ្យប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាព្រោះធនធាននេះមិនមែនជារបស់ជលផល មិនមែនជារបស់សារព័ត៌មានឬរបស់អ្នកណាកម្នាក់ទេគឺរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា មានភារកិច្ចក្នុងការប្រើប្រាស់ដោយមានការទទួលខុសត្រូវទាំងអស់គ្នា”។

លោកមាស សំណាង តំណាងឱ្យប្រជាសហគមន៍នេសាទនៅសង្កាត់សាមគ្គីបានបញ្ជាក់ថា៖អ្នកនេសាទភាគច្រើនបានយល់ដឹងពីច្បាប់ជលផល។ ប៉ុន្តក៏នៅមានជនខិលខូចមួយចំនួននៅតែលួចលាក់ធ្វើសកម្មភាព នេសាទខុសច្បាប់ ដោយធ្វើសកម្មភាពឆក់ក្តៅ និងឆក់ត្រជាក់ និងបទល្មើស បន្ទាប់បន្សំទៀត ដូចជាលួចដាក់មង ក្នុងអន្លុងអភិរក្សជាដើម ។

លោកថា៖បទល្មើសប្រភេទនេះពិតជានៅកើតមាននៅឡើយ ហើយលោកតែងតែសហការជាមួយមន្ត្រីជំនាញជលផលចុះបង្ក្រាបជារឿយៗតែធ្វើមិនឈ្នះ គួបផ្សំសមត្ថកិច្ចខ្វះមធ្យោបាយផងធ្វើឲ្យបទល្មើសនៅតែមាន ជាពិសេសនៅពេលយប់។

លោកសំ សុខុម ប្រជាពលរដ្ឋនៅភូមិបាចុងសង្កាត់ក្រុងស្ទឹងត្រែង បានសាទរជាមួយយន្តការចុះអប់រំបន្ថែមនេះព្រោះមានប្រយោជន៍ក្នុងការការពារធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា។

លោកយល់ថា៖ខេត្តស្ទឹងត្រែងចាប់បិទនេសាទពីថ្ងៃទី១ខែឧសភា មុនបិទជាសកលមួយខែដោយ
សារតែនៅទន្លេមេគង្គលើជាសំបុកត្រីពងកូនជាពិសេសត្រីប៉ាសេអ៊ី។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានអន្លង់អភិរក្សពូជត្រីសំខាន់ៗចំនួន៦០-ក្នុងនោះមានអន្លង់អភិរក្សត្រីផ្សោតចំនួន៤និងមានសហគមន៍នេសាទចំនួន៥២-ហើយកិច្ចសហការបង្ក្រាប់បទល្មើសរយៈពេល២សប្តាហ៍នេះមន្ត្រីជំនាញដកហូតបានមងគ្រប់ប្រភេទចំនូន១៥០ត្បូងស្មើនិងជាង៣ម៉ឺនម៉ែត្រ អប់រំប្រជាអ្នកនេសាទ៥៧០នាក់និងបានឱ្យធ្វើកិច្ចសន្យាចំនួន១៣៥នាក់៕