ប្រមុខដឹកនាំកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីនេប៉ាល់  គឺជាការបើកទំព័រថ្មីរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុក ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនេប៉ាល់មកកាន់កម្ពុជានាពេលនេះ គឺជាការបើកទំព័រថ្មី​រ​វាងប្រទេសទាំងពីរ(កម្ពុជា-នេប៉ាល់) ដើម្បីជំរុញឲ្យទំនាក់ទំនងទ្វេរភាគី  និងកិច្ចសហប្រតិបត្តិ​លើ​គ្រប់វិស័យឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់​អ្នកយកព័​ត៌​មាន បន្ទាប់ពីជំនួនទ្វេភាគីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នាល្ងាចថ្ងៃទី ១​​៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូជាន់ខ្ពស់​មកបំពេញទស្សនកិច្ចផ្លូវការនៅ​ព្រះ​​​​​រាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ បា​ន​​​​​ចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានសក្តានុពលលើគ្រប់វិស័យ។ ឯកឧត្តម​បន្ត​ថា​ ប្រទេសកម្ពុជា ជាប្រទេសដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា រីឯនេប៉ាល់វិញ ជា​​​ទីកន្លែងដែលព្រះពុទ្ធប្រសូត្រនោះ នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន ជា​​​ពិ​សេសនៅក្នុងវិស័យកសិកម្ម និងទេសចរណ៍ ដែលនេប៉ាល់ អាចរៀនពីប្រទេសកម្ពុជា។ នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យើងគួរតែខិតខំក្នុងការប​ង្កើ​​​​ននូវកិច្ចសហការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ ដោយធ្វើយ៉ាងណាកំណត់​​​គោ​លដៅ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យដែលយើងមានផលប្រយោជន៍រវាងគ្នា ទៅ​​វិញទៅមក។

សម្តេចបន្តថា បច្ចុប្បន្នថ្វីត្បិតតែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានតិចក៏​ពិត​មែន ប៉ុន្តែនៅមានសក្កានុពល និងឱកាសជាច្រើនដែលអាចពង្រីកកាន់តែធំជាងនេះ បន្ថែ​ម​​ទៀត។ សម្តេចបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម​មកកាន់កម្ពុជា​នៅពេ​ល​នេះ សភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចចុះហត្ថលេខា ដើម្បីពង្រឹងវិស័យឯកជន និង​វិស័យឯកជន រវាងប្រទេសទាំងពីរបន្ថែមទៀត ហើយនៅថ្ងៃស្អែក នឹងមានវេទិកាពាណិជ្ជកម្ម ដែ​លសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានសហការគ្នា រៀបចំដើម្បីជំរុញកិច្ចសហប្រ​តិប​ត្តិ​​ការវិនិយោគ និងវិស័យផ្សេងៗទៀតផងដែរ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា យើង​គួរ​តែជំរុញធ្វើយ៉ាងណា ឲ្យមានការដឹកជញ្ជូនតាមរយៈដែនអាកាស រវាងប្រទេសទាំងពីរ ដោយ​សារ​តែប្រទេសទាំងពីរមានសក្តានុពល។ លើសពីនេះ សម្តេចបានគូសបញ្ជាក់ថា កម្ពុជានៅ​ខេត្ត​សៀមរាប មានទេសចរណ៍ច្រើន រីឯទីក្រុងជាដែនដី ដែលព្រះពុទ្ធប្រសូត្រវិញ ក៏មានភ្ញៀវ​ទេស​ចរច្រើនផងដែរ ដូច្នេះយើងអាចសហការគ្នា ឱ្យបានទូលំទូលាយ។ សម្តេចតេជោ បាន​បន្ត​ថា កិច្ចសហប្រតិបត្តិការទេសចរណ៍ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលប្រ​ទេ​ស​​ទាំងពីរ អាចពង្រឹងនិងពង្រីក ដោយមិនត្រឹមតែទ្វេរភាគីប៉ុណ្ណោះទេ យើងអាចធ្វើជាមួយ​នឹង​ប្រទេ​សទី៣បានផងដែរ។ សម្តេចតេជោបានគូសបញ្ជាក់ដែរថា នៅឆ្នាំ២០១៨កន្លងទៅនេះ ទេ​​ស​ចរណ៍កម្ពុជា បានធ្វើដំណើរទេសចរទៅក្រៅប្រទេសចំនួនជិត២លាននាក់ ដោយ​ចំនួន​នេះ​​ គឺមានការកើនឡើង ជាបន្តបន្ទាប់ ហើយចំនួនអ្នកទៅទេសចរណ៍ នៅកម្ពុជា ទៅកាន់​នេ​ប៉ា​ល់ក៏មានការកើនឡើងផងដែរ ដោយសារទីនោះគឺជាទឹកដីដែលព្រះពុទ្ធបានប្រសូត្រ ហើ​យ​ជាទីចាប់អារម្មណ៍ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ព្រមជាមួយនោះ សម្តេចតេជោ​ក៏បា​ន​​ជំរុញអោយមានការអនុវត្តន៍ នូវការសហប្រតិបត្តិការគ្នា លើវិស័យវប្បធម៌ ឲ្យកាន់តែទូ​លំ​ទូ​លា​យបន្ថែមទៀត ស្របទៅតាមអនុស្សារណៈដែលបានចុះហត្ថលេខាកាលពីពេល​កន្លងទៅ​។​

ដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិញសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូស​បញ្ជា​ក់ថា ថ្វីត្បិតតែយើងមិនទាន់មាននៅឡើយ ប៉ុន្តែយើងអាចធ្វើយ៉ាងណា​ឲ្យមាន​នៅ​ពេ​ល​អនាគត ជាពិសេសក្នុងការផ្លាស់ប្ដូរបញ្ញវន្តនិងនិស្សិត រវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយក​រដ្ឋ​​មន្ត្រីនេប៉ាល់ បានឯកភាព លើសំណើ និងយោបល់របស់សម្ដេចតេជោ ឯកឧត្តមចង់​ឃើញ​ទំនាក់ទំនងទ្វេរភាគី កាន់តែធំគ្រប់កម្រិត និងគ្រប់វិស័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា វប្ប​ធម៌​​រ​វាងប្រទេសទាំងពីរ មានភាពស្រដៀងគ្នាច្រើន ជាពិសេសទៅទៀត ឯកឧត្តមចង់​ឃើញ​ការ​បើកស្ថានកុងស៊ុល រវាងប្រទេសទាំងពីរ ដោយសារតែកាលពីពេលកន្លងមក​យើង​បាន​ភ្ជា​ប់​​​ទំនាក់ទំនងការទូត ជាមួយគ្នា ប៉ុន្តែពុំទាន់មានបើកស្ថានទូត រវាងប្រទេសទាំងពីរ នៅឡើ​យ​នោះ​ទេ។ ក្នុងជំនួបដែរនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការតភ្ជាប់​វិស័យ​អាកា​ស​ចរណ៍នេះ គឺមានសារៈសំខាន់ ជាពិសេសផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាង​ប្រ​ទេ​ស​ទាំងពីរ ហើយឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់បាន​បញ្ជាក់ថា អ្វីដែលឯកឧត្តម ចង់ឃើញគឺ​ការ​ហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ៕

ដោយ ជឹម ណារី