សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងលោកជំទាវ រ៉ាឌីកា សាគីយ៉ា (Radhika Shakya) នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សន កិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។


ពិធីបដិសណ្ឋារកិច្ចផ្លូវការដែលបានធ្វើឡើងនៅវិមានរដ្ឋាភិបាលសន្តិភាពមុននោះ គឺមានរួមទាំងពិធីត្រួតពលដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា នៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយរាក់ទាក់ និងកក់ ក្តៅបំផុត។


ដំណើរទស្សនកិច្ចរបស់ ឯឧ នាយករដ្ឋមន្រ្តីនេប៉ាល់ ខេភី សាម៉ា អូលី (K. P. Sharma Oli ) មកកាន់កម្ពុជានាពេលនេះ នឹងពង្រឹងនូវចំណង មិត្តភាពនៃប្រទេសទាំង២ អោយកាន់តែរឹងមាំថែមទៀត រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរអោយកាន់តែស៊ី ជម្រៅដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕