មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានលើកឡើងថាកម្ពុជាដាក់ចេញនូវវិធានការ មុតស្រួចក្នុងការកែទម្រង់លើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានលើកឡើងថាកម្ពុជាដាក់ចេញនូវវិធានការមុតស្រួចក្នុងការកែទម្រង់លើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ដើម្បីឲ្យកម្ពុជាអាចសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លើកឡើងលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុក្នុងឳកាសអញ្ជើញ ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ពី« ចីរភាពបំណុល សម្រាប់ចីរភាពកំណើន ចីរភាពហរិញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ» នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានស្នើឲ្យមានការចូលរួមនិងគាំទ្របន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តតាមរយៈការដាក់ចេញនូវវិធាន វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជាសកលសមស្របដើម្បីធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនឹងចីរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានឲ្យដឹងថា ក្នុងឱកាសបំពេញបេសកកម្មការងារនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយតំណាងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍(AFD) តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប តំណាងជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុប្រទេសអូស្ត្រាលី និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។ ជាក់ស្ដែងកាលពីថ្ងៃទី ០៧ ខែឧសភាឆ្នាំ ២០១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោកជំទាវ Agnes PANNIER រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង និងបានចុះហត្ថលេខា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជាមួយលោក Remi Rioux នាយកចាត់ការទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍទៅលើកិច្ចព្រមព្រៀង ហរិញ្ញប្បទានសហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន ២៩លាន.១ សែនអឺរ៉ូ ដោយឥណទានសម្បទានចំនួន ២៥ លានអ៊ឺរ៉ូ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និង ហរិញ្ញប្បទានឥតសំណងចំនួន ៤.លាន១ សែន អឺរ៉ូពីសហគមន៍អឺរ៉ុប សម្រាប់ហិរញ្ញប្បទានលើគម្រោងធ្វើទំនើបកម្ម លើប្រព័ន្ធបណ្ដាញបញ្ជូនចែកចាយ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃដែលអាច សម្រួលក្នុងការគ្រប់គ្រងប្រព័ន្ធបណ្ដាញអគ្គិសនីក៏ដូចជាបង្កើនប្រសិទ្ធភាពនិងនិរន្តភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជាផងដែរ៕