អាជ្ញាធរខេត្តក្រចេះគ្រោងកែលម្អតំបន់កោះព្រហ្មចារីយ៍ឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដ៏សំខាន់ប្រចាំខេត្ត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖អាជ្ញាធរខេត្តក្រចេះគ្រោងកែលម្អតំបន់កោះព្រហ្មចារីយ៍ឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ល្បីឈ្មោះមួយទៀតសម្រាប់ខេត្តក្រចេះ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋអាចរកចំណូលបានកាន់តែច្រើនពីវិស័យទេសចរណ៍នេះ។


លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរទេសចណ៍ខេត្តបានរៀបចំផែនការកែលម្អតំបន់ កោះព្រហ្មចារីយ៍ នេះរួច រាល់ហើយ ដោយគ្រោងនឹងចុះអនុវត្តកែលម្អនៅខែវិច្ឆិកាខាងមុខដែលជារដូវទឹកស្រក។

លោកចាត់ទុកកោះព្រហ្មចារីយ៍ ជាតំបន់ដែលអំណោយផលល្អយ៉ាងខ្លាំង លើសក្តានុពលអេកូ ទេសចរណ៍ក្នុងដងទន្លេមេគង្គ។ លោកបន្តថា ដើម្បីឲ្យតំបន់នេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ មន្ត្រីជំនាញនឹងចងក្រងតំបន់នេះឲ្យទៅជាសហគមន៍អេកូទេសចរណ៍ ដោយបើកវគ្គបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋឲ្យចេះពីការបំរើសេវាកម្មទេសចរណ៍ ដូចជាម្ហូបអាហារ ផ្ទះស្នាក់ រួមទំាងសេវាដឹកជញ្ជូនភ្ញៀវដើរ កម្សាន្តនៅលើកោះនេះ ដែលធ្វើឲ្យពួកគេអាចទាញយកចំណូលបានយ៉ាងច្រើន។

 មន្ទីរទេសចរណ៍យើងនឹងង្កើតតំបន់ទេសចរណ៍មួយ គឺកោះព្រហ្មចារី ហើយអ្វីដែលយើងធ្វើនៅទីនោះ ដោយសារតែយើងគិតថាតំបន់នោះ ប្រសិនជាយើងទុកវានឹងចឹង ហើយមានអ្នកទៅលេងដោយមិនមានការមើលខុសត្រូវទៅលើភ្ញៀវ ហើយនូវពេលជួបហានិភ័យទៅលើភ្ញៀវដូចជាលង់ទឹកជាដើម។ ចឹង មន្ទីរក៏បានគិតគូរ នឹងរៀបចំនៅតំបន់នោះ ឲ្យមានសហគមន៍ សម្រាប់ប្រជាពលរដ្ឋ ដើម្បីផ្ដល់សេវាផ្សេងៗ គ្នាដូចជាការដឹកភ្ញៀវជិះទូកទៅលើកោះ និងការរៀបចំខ្ចុះសម្រាប់សម្រាកលំហែ និងសេវាម្ហូបអាហារ ដើម្បី ឲ្យភ្ញៀវទៅលេងហើយចង់ទៅទៀត ចឹងយើងត្រូវអភិវឌ្ឍទៅដល់កន្លែងហ្នឹង ឲ្យសហគមន៍ពួកគាត់ជាអ្នកទទួលផលផ្ទាល់ពីសេវាដែលរៀបចំតែម្ដង ហើយនៅរដូវវស្សា កោះព្រហ្មចារី នោះគឺមិនអាចលេងបានទេ ចឹងក្រុមការងាររបស់យើង ត្រូវចាប់ផ្ដើមធ្វើ គឺប្រមូលប្រជាពលរដ្ឋ ចងក្រងទៅជាសហគមន៍សិន ហើយនៅពេលខែ១១នៅពេលដែលទឹកស្រកចុះទៅវិញ គឺយើងចាប់ផ្ដើមធ្វើការហ្នឹងតែម្ដង។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា អ្វីដែលជាភាពទាក់ទាញបំផុតនោះ ដោយសារកោះព្រហ្មចារីមានខ្សាច់ដុះលើផ្ទៃទឹក ដែលមានល្បាយសក្បុះ ហើយកោះនេះ ក៏សម្បូរទៅដោយតំបន់ព្រៃលិចទឹកដែលជាជំរកត្រីពងកូន។មិនតែប៉ុណ្ណោះមានសត្វស្លាបគ្រប់ប្រភេនិង ដើមឈើដុះចេញឬស ជាជួរៗ តាមបែបធម្មជាតិនៅតាមជ្រលងទឹកហូរលើខ្សាច់រឹមៗ គួរឲ្យចង់គយគន់ហើយអ្នកទេចរក៏អាចងូត ទឹកលេងបាន។
សូមបញ្ជាប់ថា កោះព្រហ្មចារីយ៍នេះ មានទីតាំងនៅកណ្តាលដងទន្លមេគង្គ ក្នុងខេត្តក្រចេះ នៅត្រើយម្ខាងក្នុងភូមិសាស្ត្រ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ទល់មុខឈាងខាងជើងតំបន់អន្លង់ផ្សោត និងទឹកជួរទន្លេមេគង្គកាំពី៕