បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវស្នើកំណត់ល្បឿននៅតំបន់ជុំវិញសាលារៀន៣០គីឡូម៉ែត្រ ក្នុង១ម៉ោង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើសុំឲ្យមានការកំណត់ល្បឿននៅតំបន់ជុំវិញសាលារៀនត្រឹម៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដើម្បីជាការចំណែកចូលរួមកាត់បន្ថយគ្រោះថ្នាក់ច្បាប់ចរាចរណ៍ឲ្យធ្លាក់មកនៅកម្រិតទាបបំផុត។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឲ្យដឹងថា បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំពុងស្វែងរកការគាំទ្រពីយុវជន និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំជាសេចក្តីថ្លែងការណ៍ដាក់ជូនរាជរដ្ឋាភិបាល ក្នុងការសម្រេចចិត្តដាក់ចេញនូវកំណត់ល្បឿននៅតំបន់ជុំវិញសាលារៀនត្រឹម៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
គម្រោងសំណើនេះ ធ្វើឡើងខណៈការបើកបរក្នុងល្បឿនលឿននៅតែជាមូលហេតុចម្បងដែលបង្កឲ្យមានការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងចំណោមកត្តាបង្កឲ្យមានការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត។
ថ្លែងក្នុងវេទិកាពិភាក្សាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រវាងបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងយុវជនមកពីបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៩ ខែឧសភានេះ លោក គឹម បញ្ញា លើកឡើងថា នៅតាមសាលារៀនដែលមានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ច្រើន ពុំមានការកំណត់ល្បឿនបើកបរឲ្យនៅទាបនោះទេ។
លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ បានគាំទ្រចំពោះការកំណត់ឲ្យមានល្បឿនជាអតិបរមានៅតាមសាលារៀននេះ ដោយលោកថា កំណត់ល្បឿននៅតំបន់ជុំវិញសាលារៀនត្រឹម៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងជួយសង្គ្រោះបាននូវអាយុជីវិតរបស់កុមារ និងយុវជនពីកត្តាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើត មានឡើងជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងនេះក្តី យុវជន យ៉ន ចំណូល និស្សិតរៀននៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លើកឡើងថា គួបផ្សំនឹងការកំណត់ល្បឿននៃការបើកបរនេះ ក៏គួរមានការបង្កើនការផ្សព្វផ្សាយ និងអប់រំដល់អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវជាប្រចាំ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាចំនួនជាង៤០ភាគរយ បង្កឡើងដោយការបើកបរក្នុងល្បឿនលឿន ក្នុង ចំណោមគ្រោះថ្នាក់ផ្សេងទៀត ដែលបង្កឡើងដោយការមិនគោរពសិទ្ធិ ប្រជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ មិនប្រកាន់ស្តាំ ស្រវឹង និងកត្តាយានយន្ត៕