សិស្សអនុវិទ្យាល័យ ឃុំស្រែក្រសាំង ចំនួន០៨នាក់ ដួលសន្លប់

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿនខេត្តស្ទឹងត្រែង ៖


សិស្សសាលាជាយុវតី អាយុក្រោម១៨ឆ្នាំ រៀននៅអនុវិទ្យាល័យ នៅឃុំស្រែក្រសាំង ស្រុកសៀមបូកខេត្តស្ទឹងតនរែង បានដួលសន្លប់ចំនួន០៨នាក់ នៅព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងពេលដែលបាននាំគ្នាមករៀនដូចសព្វដង ។

លោក ធី មិនរីនដា នាយកនៃអនុវិទ្យាល័យស្រែក្រសាំងបានបញ្ជាក់ថាៈ មុនដួលសន្លប់នេះគឺនៅវេលា ម៉ោង៦.៣០នាទីព្រឹក សិស្សជួបជុំគ្នា ដោយគណៈកម្មការសាលាបានផ្សព្វផ្សាយពីការលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន ពិសេសចង់ឲ្យកូនចៅយើងទាំងអស់គ្នាប្រឹងប្រែងសិក្សារៀនសូត្រនិងនៅឆ្ងាយពីថ្នាំញៀន ។បន្ទាប់ពីចប់ការផ្សព្វផ្សាយនេះ សមត្ថកិច្ចនគបាលប៉ុស្តិ៍ក៏បានមកចូលរួមផ្សព្វផ្សាយ ស្តីពីភូមិ ឃុំមានសុវត្តិភាពរហូតដល់ម៉ោង ៧.៣០នាទី ទើបបំបែកជួរ ពីកន្លែងដងទង់ជាតិចូលទៅក្នុងថ្នាក់រៀនរៀងៗខ្លួន ។

លោកនាយកសាលាបានអះអាងទៀតថា៖ នៅវេលាព្រឹកម៉ោង៨ ស្រាប់តែមានសិស្សនៅក្នុងថ្នាក់ មានអាការៈថប់ដង្ហើម បង្កឲ្យទន់ដៃជើង សន្លប់ ចំនួន៧នាក់នៅពេលព្រឹក និងនៅពេលល្ងាចម្នាក់បន្ថែមទៀត ។



លោកបន្តទៀតថាៈ ជាមួយការដួលសន្លប់នេះ លោកគ្រូ អ្នកគ្រូក៏បានជួយសង្គ្រោះបឋម នៅនឹងកន្លែង បានចំនួន២នាក់ ហើយ៦នាក់ទៀតបញ្ជូនទៅមណ្ឌលសុខភាព ឃុំស្រែក្រសាំង
ដោយជួយសង្ក្រោះបានទាន់ពេលវេលា មិនបានបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ។


ជាមួយគ្នានេះដែរលោក អៀង សំអូន មេឃុំស្រែក្រសាំង បានបញ្ជាក់ថា៖ ករណីនេះអាចសន្និដ្ឋាន ទៅលើអាកាសធាតុមានការប្រែប្រួលផងនិងមានជំនឿទៅលើផ្នែកអរូបបិយផង។
បច្ចុប្បន្នលោកគ្រូអ្នកគ្រូបាននាំគ្នាធ្វើទៅតាមចាស់ទំបានណែនាំដើម្បីសុំសេចក្តីសុខសប្បាយ ។
សូមបញ្ជា្កក់ថានេះជាលើកទី១ហើយនៅខេត្តស្ទឹងត្រែងមានសិស្សដួលសន្លប់ ព្រោះកន្លងមកធ្លាប់មានតែនៅតាមបណ្តាខេត្តផ្សេងៗតែប៉ុណ្ណោះ៕