អង្គការភ្លែនអន្តរជាតិកម្ពុជាបិទបញ្ចប់តំបន់ប្រតិបត្តិកម្មវិធីប្រចាំខេត្តត្បូងឃ្មុំ ដោយសម្រេចបានជោគជ័យជាច្រើន

វិទ្យុជាតិដោយលោក អ៊ឹម ភិរក្សនារីរតន: ៖

អង្គការភែ្លនអន្តរជាតិកម្ពុជាបានបញ្ចប់គម្រោងលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី នៅក្នុងខេត្តត្បូងឃ្មុំ ដោយសម្រេចបានជោគជ័យជាច្រើន បន្ទាប់ពីបានអនុវត្ត អស់រយៈពេល១៥ឆ្នាំ គឺចាប់តាំងពី២០០៤មក។
ថ្លែងក្នុងពិធីបិទប្រកាសតំបន់ប្រតិបត្តិការរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំនៅព្រឹកទី៨ខែ ឧសភា លោក យី គីមថាន នាយករងប្រចាំប្រទេស ផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានលើកឡើងថា អង្គការភ្លែនអន្តរជាតិ ចាប់ផ្តើមប្រតិបត្តិការកម្មវិធីនេះក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០០៤ ដោយធ្វើការក្នុងស្រុកចំនួន២ គឺ ស្រុកតំបែរ និងស្រុកពញាក្រែក ដែលគ្របដណ្តប់លើឃុំចំនួន១៧ និងភូមិចំនួន១៥២។


លោកបន្តថា រយៈពេល១៥ឆ្នាំមកនេះ ក្រុមការងារបានធ្វើការជាមួយកុមារ និងគ្រួសាររបស់ប្រជាពលរដ្ឋក្នុងស្រុកគោលដៅប្រមាណ ២សែន៥ម៉ឺននាក់ ដោយ បង្កើតក្លឹបកុមារ និងបណ្តុះបណ្តាលពីសិទ្ធិកុមារ បាន ចំនួន ១៨៧ក្លិប បង្កើតបណ្តាញការពារកុមារ អប់រំ រាយការណ៍ និងដោះស្រាយ ពីការរំលោភបំពានកុមារ ចំនួន ១៨៧ បណ្តាញ សាងសង់ អណ្តូងទឹក ក្នុងសហគមន៍ សាលារៀន និងក្នុងសាលាមតេ្តយ្យសហគមន៍ ចំនួន ៥៤១ សាងសង់ បង្គន់អនាម័យ នៅសាលារៀន និងមតេ្តយ្យសហគមន៍ចំនួន ១០០ សាងសង់ មណ្ឌលសុខភាព អគារសម្រាកក្រោយពេលសម្រាល បំពាក់ជាមួយសម្ភារៈ បង្គន់ អណ្តូងទឹក និងផ្ទាំងសូឡា ចំនួន៩ សាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១៨ខ្នង សាងសង់អគារបណ្ណាល័យចំនួន ១៣ខ្នង ព្រមទាំងផ្គត់ផ្គង់សម្ភារៈ និងសៀវភៅអាន កសាងសួនកុមារនៅតាមសាលារៀនចំនួន ៤១កន្លែង គាំទ្រមណ្ឌលសុខភាពចំនួន ៥ ក្នុងនោះចាក់វ៉ាក់សាំងដល់កុមារជាង ៣ ៧០០ នាក់ គាំទ្រកម្មវិធីអាហារូបត្ថម្ភ ដល់កុមារតូច ចំនួនជាង ១១ ២០០ នាក់ គាំទ្របង្កើតក្រុមអប់រំ និងបណ្តុះបណ្តាលការអប់រំសុខភាពបន្តពូជដល់យុវជនជាង ៧៥ ៩០០ នាក់ សាងសង់ ១៣១ សាលាមតេ្តយ្យសហគមន៍ និងមតេ្តយ្យរដ្ឋ បណ្តុះបណ្តាលគ្រូចំនួន ១២០នាក់ ពីបចេ្ចកទេសបង្រៀនកុមារតូច និង បង្កើតថ្នាក់សិស្សរៀនយឺតសម្រាប់ ១០០ក្រុម ។


លោក យី គីមថានបញ្ជាក់ថា ការបិទបញ្ចប់គម្រោងនៅក្នុងខេត្តត្បូងឃ្មុំនេះ ដោយសារស្ថានភាពជីវភាពប្រជាជន ក៏ដូចជាស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី នៅក្នុងតំបន់គោលដៅ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីការអនុវត្តគម្រោងអស់រយៈពេល១៥ឆ្នាំកន្លងមក។ សំលេង«យើងមានការជោគជ័យច្រើនទាក់ទងទៅនឹងវិស័យទឹកស្អាតអនាម័យគឺមានការកែលម្អច្រើនទាក់ទងទៅនឹងការអប់រំកុមារតូចយើងឃើញកុមារឥឡូវឡើង៦០ភាគរយ ភាគរយដែលគាត់អាចទទួលបានសេវាទៅរៀននៅថ្នាក់មត្តេយ្យសហគមន៍ដែលពីមុនមកពីរដ្ឋអត់មានហើយក៏ដូចជាឪពុកម្ដាយយល់ដឹងពីរបៀបថែទាំកូនគាត់តាំងពីពពោះរហូតដល់កូនអាយុ ៦ឆ្នាំ។
លោក ម៉ៅ ឌុង នាយករដ្ឋបាលស្តីទីសាលាត្បូងឃ្មុំ បានមានប្រសាសន៍ថា ប្រតិបត្តិការ របស់អង្គការភ្លែនអន្តរជាតិនៅក្នុងខេត្តត្បូងឃ្មុំនេះ បានរួមចំណែកធ្វើឲ្យស្ថានភាពសិទ្ធិកុមារជាពិសេសកុមារីមានភាពប្រសើរឡើងច្រើនជាងមុនហើយមានសិទ្ធិទទួលបានសុខភាពល្អពីកំណើតសិទ្ធិទទួលការអប់រំនឹងទទួលបានការការពារគ្រប់ទម្រង់និងគ្មានការរើសអើង ។
សំឡេង
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គការភ្លែនអន្តរជាតិកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តចំនួន១៧ ក្នុងចំណោមរាជធានីខេត្តទាំង២៥នៃប្រទេសកម្ពុជា ៕