ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសិល្បៈនៃការចែករំលែករបស់ប្រជាពលរដ្ឋបានដោះស្រាយទុក្ខលំបាករបស់សង្គមយ៉ាងមានប្រសិទ្ធិភាព

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហុក សុខរិន​ និង​ លោក​ អ៊ូ​ កាណែល​៖


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសិល្បៈនៃការចែករំលែករបស់ប្រជាពលរដ្ឋនៅកម្ពុជាមានអត្ថន័យធំធេងក្នុងការចូលរួមដោះស្រាយទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធិភាព។


ថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី១៥៦នៃទិវា កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សិល្បៈនៃការចែករំលែករបស់ប្រជាពលរដ្ឋនៅកម្ពុជាយើង មានអត្ថន័យធំធេងណាស់បើសិនជាប្រជាពលរដ្ឋយើងមិនមានវប្បធម៌នេះទេ នោះកម្ពុជាយើងនឹងជួបការលំបាកជាមិនខាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈវប្បធម៌នៃការចែករំលែកជាថវិកានិងសម្ភារៈនានារបស់សប្បុរសជនជាតិ និងអន្តជាតិមកពីគ្រប់មជ្ឈដ្ឋានជូន ដល់កាកបាទក្រហមកម្ពុជា បានធ្វើ អោយអង្គភាពនេះ កាន់តែមានលទ្ធភាពក្នុងការដោះស្រាយសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះ បានគ្រប់គោលដៅនិងទាន់ពេលវេលា។
សម្តេចតេជោបានបន្តថា សកម្មភាពមនុស្សធម៌ទាំងអស់នេះមាននៅគ្រប់ទីកន្លែងក្នុងប្រទេស ពីមួយឆ្នាំទៅមួយឆ្នាំបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយអ្នកមានធនធានក៏កាន់តែមានចំនួនច្រើនទំហំនៃការចូលរួមក៏កាន់តែច្រើន ដែលនេះជាផ្នែកដ៏សំខាន់មួយ។
សម្តេចតេជោហ៊ុន សែន សង្ឃឹមថាចលនាសិល្បៈនៃការចែករំលែកពីអ្នកមានលទ្ធភាពជួយទៅដល់អ្នកដែលគ្មានលទ្ធភាពនៅតែត្រូវបានបន្តបន្ថែម ។
(សិល្បៈនៃការចែករំលែកមិនត្រឹមតែអនុវត្តនៅក្នុងក្របខ័ណ្ឌប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែសិល្បៈនៃការចែករំលែកនេះក៏ត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌទូទាំងពិភពលោកផងដែរ។តួយ៉ាងប្រទេសដែលនាំយកជំនួយរបស់ប្រទេសគេជួយយើង តាមរយៈការបង់វិភាគទាននានាក៏ដូចជាតាមរយៈអង្គការសហប្រជាជាតិដើម្បីយកមកជួយដល់ប្រទេសទន់ខ្សោយមួយចំនួន។សិល្បៈនៃការចែករម្លែកមិនមែនអនុវត្តតែក្នុងក្របខណ្ឌជាតិរបស់យើងទេគឺអនុវត្តជាទូទៅពីប្រទេសមួយទៅប្រទេសមួយ ហើយរវាងទំនាក់ទំនងទ្វេភាគីនិងយន្តការពហុភាគីដើម្បីឆ្លើយតបជាមួយនឹងការលំបាក៕