លោកស្រី រ៉ូណា ស្មីត អបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានក្នុងវិស័យដីធ្លី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖

លោកស្រី រ៉ូណា ស្មីត(Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសំដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានក្នុងវិស័យដីធ្លី និងលំនៅឋាន។


ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៧ ខែឧសភា លោកស្រី រ៉ូណា ស្មីត បានសាទរចំពោះ ការកែសម្រួលនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច កាន់តែងាយស្រួល និងលឿនជាងមុន ពិសេសការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិច នៅស្រុកសំឡូត ដែលទីតាំងនេះ មិនទាន់មានសុវត្ថិភាព ដោយនៅមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការចុះបញ្ជីដីរបស់សហគមន៍ ជនជាតិដើមភាគតិចចំនួន៣សហគមន៍ ស្ថិតនៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ជាមួយគ្នានេះ ក៏បានលើកឡើងពីការតាំងទីលំនៅថ្មីរបស់ប្រជាជនរស់នៅលើទឹកដីឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំងមកលើដីគោក ការរៀបចំឲ្យមានគោលការណ៍ណែនាំជារួមក្នុងការងារដោះស្រាយវិវាទដីធ្លី ការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងការសហការកែលម្អក្របខ័ណ្ឌ នគរូបនីយកម្មនៅកម្ពុជានិងរៀបចំវេទិកាថ្នាក់ជាតិស្តីពីនគរូបនីយកម្ម។


ឯកឧត្តម ជា សុផារ៉ា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពលើវិស័យដីធ្លី និងលំនៅឋាន ក្នុងនោះបានចុះបញ្ជីដី៥,២ លានក្បាលដី ស្មើនឹងជិត៧៤% នៃក្បាលដីសរុបប្រមាណ៧លានក្បាលដី និងគ្រោងបញ្ចប់ ១០០% នៅឆ្នាំ២០២១។ ឯកឧត្តម ក៏បានបញ្ជាក់ពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន២៤សហគមន៍ និងបានដោះស្រាយបញ្ចប់វិវាទដីធ្លី៨០៦២ករណី និងនៅបន្តដោះស្រាយប្រមាណ២០០០ករណី ព្រមទាំងបញ្ជាក់អំពីការពន្លឿនការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចដែលនៅសេសសល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបានអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ដោយគាំទ្ររដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំ ការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋរស់នៅលើទឹក និងការបន្តកិច្ចសហការរៀបចំកែលម្អក្របខ័ណ្ឌនគរូបនីយកម្មនៅកម្ពុជា និងរៀបចំវេទិកាថ្នាក់ជាតិស្តីពីនគរូបនីយកម្មឲ្យបានជោគជ័យ៕