សម្ដេចតេជោហ៊ុនសែនកោតសរសើរសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលបានជួយជនរងគ្រោះរហូតដល់ជាង១៤ម៉ឺនគ្រួសារ

វិទ្យុជាតិកម្ពុជា៖ដោយលោកហុកសុខរិន៖

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលបានជួយជនរងគ្រោះនៅទូទាំងប្រទេសប្រមាណជាង១៤ម៉ឺនគ្រួសារកាលពីឆ្នាំ២០១៨កន្លងទៅ។

ថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី១៥៦នៃទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០១៩នេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះបានគាំទ្រដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលបានជួយដោះស្រាយទុក្ខលំបាករបស់ជនទីទ័លក្រស្រ្តីមេម៉ាយកុមារកំព្រានិងជនរងគ្រោះដោយគ្រោះធម្មជាតិនានាបានយ៉ាងទាន់ពេលវេលា។

សម្តេចតេជោបន្តថាកាកបាទក្រហមកម្ពុជាមិនមែនគ្រាន់តែធ្វើសកម្មភាពមនុស្សធម៌នៅឆ្នាំ2018នោះទេប៉ុន្តែកាកបាទក្រហមរបស់យើងបានធ្វើសកម្មភាពឡើងវិញចាប់តាំងពីក្រោយថ្ងៃរំដោះ7 មករា1979មក។

បន្ថែមពីនេះទៀតសម្តេតេជោនាយករដ្ឋមន្រ្តីបានជំរុញអោយកាកបាទក្រហមកម្ពុជាបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនអោយបានខ្លាំងក្លាបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការចាំបាច់នានារបស់ជនរងគ្រោះនិងជនងាយរងគ្រោះ។

(ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការចូលរួមរបស់កាកបាទក្រហមកម្ពុជាដែលសកម្មភាពទាំងអស់នេះបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលព្រោះថាជនរងគ្រោះត្រូវការជំនួយដែលជាផ្នែកមួយនៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលចំណុចនេះមិនមែនគ្រាន់តែឆ្នាំ២០១៨ពីនេះតទៅទេក៏ប៉ុន្តែកាកបាទក្រហមកម្ពុជារបស់យើងបានចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញតាំងពីក្រោយថ្ងៃមករាឆ្នាំ១៩៧៩  ពិតមែនហើយកាលពីពេលនោះកាកបាទក្រហមកម្ពុជារបស់យើងមានការបែកខ្ញែកទៅតាមភាគីនីមួយៗមិនទាត់មានការឯកភាពនៅឡើយតែក្រោមព្រះរាជ្យតម្រិះនិងព្រះរាជដឹកនាំដ៏ខ្ពង់ខ្ពស់ព្រះករុណាសម្ដេចឪសម្ដេចតារបស់យើងក៏បានធ្វើឲ្យកាកបាទក្រហមភាគីទាំងអស់មានភាពឯកភាពគ្នាហើយក៏បានធ្វើសកម្មភាពចាប់ពីពេលនេះរហូតមកដល់ពេលនេះខ្ញុំសូមយកឱកាសនេះសំដែងនូវការកោតសរសើរចំពោះយុវជនកាកបាទក្រហមកម្ពុជាដែលមានបណ្ដាញគ្រប់ទិសទីទាំងអស់សាខានៃកាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ដែលខ្ញុំអាចចាត់ទុកថាជាបណ្ដាញព័ត៌មានឆាប់រហ័សឆ្លើយតបជាមួយនឹងអ្វីដែលជាកង្វល់ដែលជាបញ្ហាត្រូវដោះស្រាយជួនកាលរបាយការណ៍អាជ្ញាធរមានការយឺតយ៉ាវជាងប៉ុន្តែរបាយការណ៍កាកបាទក្រហមកម្ពុជាបានមកដល់មុនចំពោះមុខសញ្ញាឬគ្រោះមហន្តរាយដែលទាក់ទងជាមួយនឹងតម្រូវការនៃការជួយសង្គ្រោះ)