ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ក្នុងឆ្នាំ២០១៨ មានកំណើនជាង ១ពាន់លានដុល្លារអាមេវិច

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៩ -ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ មានវឌ្ឍនភាពគួរ​ឱ្យ​កត់​សម្គាល់ គឺបានកើនឡើងពីទឹកប្រាក់ជាង៥០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០១២ ដល់ទៅជាង១.០០០លានដុល្លារអាមេវិច កាលពីឆ្នាំ២០១៨។ នេះបើតាម​ការអះ​អាងរបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សា ការងារជាមួយ​គណៈប្រតិភូផ្នែកការពារជាតិនៃចក្រភពអង់គ្លេស ដែលដឹកនាំដោយលោក​ឧត្តម​សេនីយ៍ Marshal John Philliban មេបញ្ជាការរងកងទ័ពជើងអាកាស នៅទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្រ្តីស្តីទី កឹម ស៊ីថន ថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបាន គាំទ្រផលិតផលរបស់កម្ពុជា និងស្នើសុំពាណិជ្ជករ និងប្រជាជនចក្រភពអង់គ្លេសបន្តគាំទ្រ ទិញទំនិញពីកម្ពុជា​ថែមទៀតទៅថ្ងៃអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានជម្រាបជូនប្រតិភូយោធាអង់គ្លេសអំពីវឌ្ឍនភាព នៃ ឧស្សា​ហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ព្រមទាំងការចូលរួមរបស់ ក្រសួងពាណិជ្ជកម្មជាមួយក្រសួងពាក់ព័ន្ធ នៅក្នុងការលើកកម្ពស់លក្ខខណ្ឌការ​ងារ និងការ លុបបំបាត់ពលកម្មកុមារ តាមរយៈកិច្ចសហការភាពជាដៃគូជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីអនុវត្តន៍កម្មវិធីរោងចក្រកាន់តែ ប្រសើរនៅកម្ពុជា (BFC) សំដៅធានាការអភិវឌ្ឍវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាប្រកប ដោយនិរន្តរភាព។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ Marshal John Philliban និងគណៈប្រតិភូបាន​សម្តែងចំណាប់អារម្មណ៍ខ្ពស់ចំពោះវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលប្រទេសទាំង​ពីរសម្រេចបាន និងបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ដែលបានចែករំលែកនូវ ព័ត៌មានសំខាន់ៗទាំងនេះ។ លោកឧត្តមសេនីយ៍ ក៏បានសន្យាពាំនាំសំណើរបស់ ឯកឧត្តមរដ្ឋ​មន្រ្តីស្តីទី ទៅជម្រាបជូនរាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដើម្បីបន្តសហការ និងជួយគាំទ្រទិញទំនិញរបស់កម្ពុជា ផងដែរ៕

ដោយ ម៉ៅ ចរិយា