ឯកឧត្តម វេង សាខុន ទទួលជួប​ពិភាក្សាការងារជាមួយប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈិម និងឯកអគ្គរដ្ឋទូតវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -តាមប្រភពព័ត៌មានរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅទីឯស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី បុយ ធីធឿម ប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈិម និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ព្រមទាំងសហការីមួយចំនួនទៀតដែលសុទ្ធតែប្រធានសមាគមកសិករប្រចាំខេត្តទាំង ៥ នៅជាប់ព្រំដែនដូចជា ខេត្តអាងយ៉ាង គៀងយ៉ាង ដុងផាត់ តាយនិញ និងខេត្តឡុងអាន។ ក្នុងជំនួបនេះមានគោលបំណងពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រួមទាំងប្រធានបទផ្សេងៗទៀត។

ក្នុងនាមឱ្យថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលឯកឧត្តមឡេ ឌឹកអាញ់ អតីតប្រធានា ធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព។ តាមរយ: ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូអមដំណើរនាថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។

កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរបានចូលរួមចំណែកធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឱ្យមោទនភាព ពិសេសលើផលិតកម្មស្រូវ ដំណាំកសិឧស្សាហកម្ម និងការធ្វើកសិពាណិជ្ជកម្ម ។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា​ រដ្ឋាភិបាលវៀតណាមនឹងបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មបន្ថែមទៀត ជាពិសេសដល់វិស័យកសិពាណិជ្ជកម្មនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដោយផ្តោតជាសំខាន់់លើលំហូរកសិផលកម្ពុជាចូលក្នុងទីផ្សារវៀតណាម ដូចជា ស្រូវ ដំឡូងមី ស្វាយ ស្វាយចន្ទី ពោត ម្រេច។ល។ សមទ្ធិផលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន គឺដោយសារទទួលបាននូវកិច្ចសហប្រតិ  បត្តិការយ៉ាងពេញលេញ និងល្អប្រសើរពីរដ្ឋាភិបាលវៀតណាម ជាពិសេសតាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម ។ ឯកឧត្តមរដ្ឋមន្រ្តីសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារកិច្ចសហប្រតិបត្តការ និងជាពិសេសកិច្ចអន្តរាគមន៍បានទាន់ពេលវេលាពីរដ្ឋាភិបាលវៀតណាម កន្លងមកបានធ្វើឱ្យស្រូវរក្សាតម្លៃបានសមរម្យ ម៉្យាងទៀតការនាំចេញកសិផលកម្ពុជាដូចជាស្វាយ ដំឡូងមី ស្វាយចន្ទី ទៅកាន់ទីផ្សារវៀតណាមមានការកើនឡើងគួរឱ្យកត់សម្គាល់។ តាមរយ:សមិទ្ធផលដ៏ធំធេងនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេឡើងបន្ថែមទៀត ប្រយោជន៍ដើម្បីស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសយើងទាំងពីរ។

ក្នុងឱកាសនោះ លោកស្រីប្រធានប្រតិភូ បានលើកឡើងពីចំណាប់អារម្មណ៍ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យកសិកម្ម ដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។ លោកស្រីបានបន្តថា ជំនួបនាពេលនេះគឺមានគោលបំណងធ្វើការផ្លាស់ប្តូរ បទពិសោធន៍ជាមួយក្រសួង ពិសេសអគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធដើម្បីបង្កើនការធ្វើ    កសិពាណិជ្ជកម្មនាពេលអនាគត ដោយសំដៅទៅលើខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ។

នាឱកាសនេះដែរភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែរជាអាទិ៍÷ ទី១- ការរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់សមាជិកសហគមន៍កសិកម្មរវាងប្រទេសទាំងពីរ។ ទី២-ការរៀបចំវេទិកាកសិករប្រទេសទាំពីរ រួមទាំងការតាំងពិព័រណ៍កសិផលសហគមន៍កសិកម្ម និងបច្ចេកវិទ្យាកសិកម្ម នៃប្រទេសទាំងពីរ៕ដោយ សេង សុវណ្ណនី