ក្រសួងសុខាភិបាល ចាត់ឲ្យមានកន្លែងថ្វាយបង្គំសម្រាប់អ្នកកាន់សាសនាឥស្លាម តាមមន្ទីរពេទ្យរដ្ឋនានា

រដ្ឋមន្ត្រីសុខាភិបាល បានចាត់ឲ្យមន្ទីពេទ្យរដ្ឋទាំងអស់ រៀបចំកន្លែងថ្វាយបង្គំសម្រាប់សាសនិកអ៉ីស្លាម តាមមន្ទីពេទ្យរដ្ឋនានា តបតាមគោលនយោបាយរដ្ឋាភិបាល ក្នុងការធ្វើសុខដុមនីយកម្មសាសនា។

យោងលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា ដើម្បីអនុវត្តន៍គោលនយោយបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងការធ្វើសុខដុមនីយកម្មសាសនា និងដើម្បីសម្រួលដល់ការប្រណិបត្តិរបស់បងប្អូនសាសនិកអ៉ីស្លាម និង គ្រូពេទ្យ និស្សិតមូស្លីម ដែលមកទទួលសេវាព្យាបាល និងបំពេញការងារក្នុងមន្ទីរពេទ្យ ក្រសួងសុខាភិបាលស្នើប្រធានមន្ទីរពេទ្យជាតិ និងមន្ទីពេទ្យបង្អែកទាំងអស់ ចាត់ចែងរៀបចំឲ្យមានបន្ទប់សម្រាប់ប្រណិបត្តិសាសនាអ៊ីស្លាមឲ្យបានសមរម្យ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិសារអាហារស្រាយបួស  ជាមួយខ្មែរ-ឥស្លាម កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ថ្លែងថា កម្ពុជាបានរៀបចំគោលនយោបាយជាតិសាសន៍ និងសាសនាច្បាស់លាស់ ដែលប្រជាពលរដ្ឋមានសេរីភាព​ក្នុងជំនឿសាសនា ដោយគ្មានការបង្ខិតបង្ខំ ធ្វើឱ្យប្រទេសជាតិគ្មានការរើសអើងប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ សម្តេចបន្ថែមថា ទៅថ្ងៃខាងមុខ អាចនឹងរៀបចំឲ្យមានកន្លែងថ្វាយបង្គំ នៅតាមសាលារៀនថែមទៀតផង៕

 

ដោយ ប៉ិច សុទ្ធារិទ្ធ

FM 96MHz