KOICA បណ្តុះបណ្តាលដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការកសាងសមត្ថភាព​លើការទប់ស្កាត់បទល្មើស និងយុត្តិធម៌បទល្មើសអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ — ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិស ដល់មន្រ្តីរាជរដ្ឋាភិ​បាល​កម្ពុជាចំនួន១២​រូប  មកពីអគ្គរាជអាជ្ញានៃតុលាការកំពូល សម្រាប់វគ្គបណ្តុះបណ្តាល​ស្តីអំពីការ​កសាងសមត្ថភាពលើការទប់ស្កាត់បទល្មើស និងយុត្តិធម៌បទល្មើសអាស៊ាន មុននឹង​ចេញ​ដំណើរទៅសិក្សានៅសាធារណរដ្ឋកូរ៉េ។  វគ្គសិក្សានេះ នឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានចំនួន១៤ថ្ងៃ នៅវិទ្យាស្ថានយុត្តិធម៌ (Yongin) នៃសាធារណរដ្ឋ​កូរ៉េ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា។

 

កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់មន្ត្រី កម្ពុជា សម្របខ្លួនចូលទៅក្នុងវប្បធម៌កូរ៉េ ខណៈពេលសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ។  ក្នុង​កម្មវិធីតម្រង់ទិសនេះ មន្ដ្រីទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពីព័ត៌មាន សំខាន់ៗ នៅក្នុងប្រទេសកូរ៉េ  សមាគមអតីតនិស្សិតកម្ពុជាកូរ៉េ (CAMKAA)  ក្រមសីលធម៌​នៃកម្មវិធីបណ្តុះបណ្តាល និងព័ត៌មានអំពីជំងឺកញ្រិ្ជល។

ក្នុងកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ដែលរៀបចំធ្វើឡើង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ អនុ​ប្រធានតំណាងទីភ្នាក់ងារកយកាប្រចាំកម្ពុជា លោក Kang Hwang Wook  បានមាន​ប្រសាសន៍​ថា ទីភ្នាក់ងារ KOICA ផ្តល់វគ្គបណ្ដុះបណ្ដាលការកសាង​សមត្ថភាព​លើការទប់​ ស្កាត់បទល្មើស និងយុត្តិធម៌បទល្មើសអាស៊ាន ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាព ប្រព័ន្ធយុត្តិធម៌បទល្មើសដើម្បីទប់ស្កាត់បទល្មើស។ លោកបានបន្ដថា​គោលបំណងនៃវគ្គសិក្សានេះ នឹង​បណ្ដុះបណ្ដាលសិក្ខាកាមនូវកម្មវិធីចំណេះដឹង ជាច្រើនរួម​មាន​៖ ទី១. ការយល់ដឹងអំពីបទល្មើសតាមអ៊ីនធឺណិត និងគោលនយោបាយបទល្មើស​ព្រហ្ម​ទណ្ឌរបស់ប្រទេសកូរ៉េ។ ទី២. ការស្វែងរកដំណោះស្រាយ សមស្របដើម្បីដោះស្រាយបញ្ហា​និងបង្កើតគោលនយោបាយ បទល្មើសព្រហ្មទណ្ឌដែលមានប្រសិទ្ធភាពខ្ពស់ដោយផ្អែក​លើ​ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។ ទី៣. ការបង្កើតផែនការអនុវត្តជាក់ស្តែងដើម្បីឆ្លើយតបនឹងស្ថាន​ភាពមូលដ្ឋាន និងទី៤. ការ​ចាត់វិធានការ សហការលើបទល្មើស អន្តរជាតិ ។

លោកបានបន្ថែមថា សិក្ខាកាមចំនួន១២ រូប ដែលមកពីអគ្គរាជអាជ្ញានៃតុលាការកំពូល នឹងសិក្សាជាមួយគំរូម៉ូឌុលពិសេសចំនួន៤ ទាក់ទងនឹងការយល់ដឹងពីប្រព័ន្ធយុត្តិធម៌កូរ៉េ ការ​ការពារកុំមានបទល្មើស វិទ្យាសាស្រ្តកោសល្យវិច័យអំពីភស្តុតាងឌីជីថល និងបទល្មើស តាម​អ៊ីនធឺណិត និងរបាយការណ៍ប្រចាំប្រទេស និងផែនការសកម្មភាព។

លោកអនុប្រធានក៏បានអបអរសាទរដល់អ្នកចូលរួម ដែលទទួលបានវគ្គបណ្តុះ បណ្តាលនេះ ហើយក៏បានស្នើដល់អ្នកចូលរួមឱ្យប្រើប្រាស់ឱកាសដ៏ល្អនេះ ដើម្បីរៀនសូត្រពី ការអភិវឌ្ឍរបស់ប្រទេសកូរ៉េ និងដើម្បីចែករំលែកបទពិសោធន៍ នៅក្នុងប្រទេសកម្ពុជាសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ អ៊ុន រិទ្ធី