អាជ្ញាធរខេត្តសៀមរាបបំពាក់ឧបករណ៍ហាត់ប្រាណចំនួន១០ប្រភេទ នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់

AKP សៀមរាប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋ​ដែលនិយម​ហាត់ប្រាណនៅ​សួនច្បារជិតព្រះរាជ​ដំណាក់​ខេត្តសៀមរាប​ មានការ​រីករាយចំពោះការ​បំពាក់ឧបករណ៍ហាត់ប្រាណចំនួន១០ប្រភេទ របស់អាជ្ញាធរខេត្ត នៅក្នុងសួនច្បារនេះ ដើម្បី​ឱ្យប្រជាពលរដ្ឋបានធ្វើលំហាត់ប្រាណដោយសេរី។

អាជ្ញាធរខេត្តសៀមរាបកន្លងនេះ​បាន​កែប្រែទីធ្លានៅជាប់មាត់ស្ទឹងសៀមរាប ដែលស្ថិត នៅខាងជើងឈៀងខាងកើតព្រះរាជដំណាក់ ឱ្យទៅជាទីធ្លាសម្រាប់​ប្រជា​ពលរដ្ឋហាត់ប្រាណ និងមួយចំណែកជាចំណតរថយន្ត ដោយមាន​ការតុបតែងធ្វើឱ្យសោភណភាពនៅទីធ្លានេះ មានភាពស្រស់ស្អាត។ រៀងរាល់ពេលល្ងាចមាន​ប្រជាពលរដ្ឋ​ជា ច្រើន​បាន​នំាគ្នាធ្វើការហាត់ ប្រាណនៅទីធ្លានេះ ចំណែក​ឯ​ភ្ញៀវទេសចរ ក៏បាន​ទៅ​លំហែកាយនៅតំបន់នេះច្រើនផងដែរ ព្រោះគេអាចទស្សនាព្រះរាជដំណាក់ ព្រះអង្គចេកព្រះអង្គចម និងសត្វជ្រឹងនៅតំបន់នោះ បានផងដែរ។ ក្រៅពីនេះ ដើម្បីលើកកម្ពស់សុខុមាភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ រដ្ឋបាលខេត្តសៀមរាបកាលពីចុងសប្តាហ៍ បានដំឡើងឧបករណ៍ហាត់ប្រាណ១០ប្រភេទនៅសួនច្បារនេះ ដើម្បីបម្រើជាប្រយោជន៍រួម ដល់បងប្អូនក្នុងការហាត់ប្រាណ។

ក្រុមប្រជាពលរដ្ឋដែល​បាន​នាំគ្នាទៅ​ហាត់ប្រាណ នៅ​សួនច្បារជិតព្រះរាជ​ដំណាក់​ខេត្តសៀមរាប​នេះ បានបង្ហាញពីការ​រីករាយចំពោះ ការ​បំពាក់ឧបករណ៍ហាត់ប្រាណ ចំនួន១០ប្រភេទរបស់អាជ្ញាធរខេត្តនៅក្នុងសួនច្បារនេះ ដើម្បី​ឱ្យប្រជាពលរដ្ឋបានធ្វើលំហាត់ ប្រាណដោយសេរី ព្រោះថា នៅទីធ្លានេះ​មាន​សោភណភាពល្អ មាន​បរិយាកាសបរិសុទ្ធ និងបាន​ផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព​។ ក្រុមប្រជាពលរដ្ឋទាំងនេះបាន​ថ្លែង​អំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​សៀមរាប​ ដែលបាន​គិត​គូរពីសុខភាព​របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដើមី្បបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅក្រុងសៀមរាប អាជ្ញាធរខេត្តបានបន្តធ្វើការអភិវឌ្ឍន៍ខេត្តទ្វេឡើងថែមទៀត  ដូចជាការពង្រីកនូវទីធ្លា សម្រាប់បងប្អូន និងភ្ញៀវទេសចរ មកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណ ដោយមានបំពាក់ ឧបករណ៍ហាត់ប្រាណ និងមានកន្លែងក្មេងលេង ដោយកែប្រែសួនច្បារនៅទល់ មុខព្រះរាជដំណាក់ឱ្យទៅជាសួនច្បារបែបទំនើប សម្រាប់ភ្ញៀវទេសចរមកធ្វើការលំហែកាយ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើលំហាត់ប្រាណ។ រៀង​រាល់ថ្ងៃឱ្យតែដល់ម៉ោង​៥ល្ងាច​ប្រជាពលរដ្ឋជាច្រើន​បាន​មកជួបជុំ​គ្នា​នៅ​សួន​ច្បារនេះ ដើម្បីធ្វើលំហាត់ប្រាណផ្សេងៗអ្នកខ្លះ​ប្រើប្រាស់ឧបករណ៍ដែលអាជ្ញាធរ​ខេត្ត​បាន​បំពាក់ឱ្យ ​អ្នកខ្លះហាត់តាមរបៀបរាំតាមចង្វាក់ភ្លេង និងខ្លះទៀតលេងសី និងហាត់តាមបែបយូហ្គាជាដើម៕

ដោយ ឃុត សៅ