ក្រសួងផែនការគ្រោងបង្ហាញរបាយការណ៍ស្តីពីវឌ្ឍនៈភាពនៃការរីកចំរើនរបស់កម្ពុជាដល់ សហគមន៍អន្តរជាតិនាខែកក្កដាខាងមុខ

 វិទ្យុជាតិកម្ពុជា  វ៉ែន សុវុទ្ឋី

ភ្នំពេញ៖   ក្រសួងផែនការគ្រោងបង្ហាញរបាយការណ៍វាយតំលៃរបស់រាជរដ្ឋាភិបាលដោយស្ម័គ្រចិត្តនៅទីក្រុងយូយ៉ក់​នៅខែកក្តដាខាង​មុននេះដើម្បីអោយសហគមន៍អន្តរជាតិបានដឹងពីវឌ្ឍនភាព និងភាពរីកចំរើននានារបស់នាពេលបច្ចុប្បន្ន។ 

      រដ្ឋមន្រ្តីក្រសួងផែនការបានអះអាងថា មកទល់ពេលនេះសេក្តីព្រាងរបាយការណ៍វាយតំលៃថ្នាក់ជាតិដោយស្ម័គ្រ​ចិត្តដែលហៅកាត់ថា VNA ឆ្នាំ២០១៩នេះ កំពុងតែប្រជុំលក្ខណៈបច្ចេទេស ហើយគ្រោងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ជួនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអនុម័ត​នាពេលឆាប់ៗខាងមុខនេះ។

    ការបង្ហាញពីដំណើរការតាក់តែងរបាយការណ៍នេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ អនុញ្ញាតអោយ លោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួប សម្តែងការគួរសមនៅព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៩ ដើម្បីពិភាក្សាការងារលើចំណុចមួយ ចំនួនឈានឆ្ពោះទៅការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចំរើន។

ក្រោយបញ្ចប់ជំនួបពិភាក្សានោះឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​​នៃអគ្គនាយកដ្ឋានផែនការបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា របាយការណ៍VNA ឆ្នាំ២០១៩នេះ បាន​ដំណើរការរៀប​​ចំតាមអ្វីដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុង ការអភិវឌ្ឍកម្ពុជាតាមការ​​កំណត់របស់អង្គការ​​សហប្រជាជាតិ ដែលមានការ អញ្ជើញចូលរួមពីបណ្តាអង្គការសង្គមស៊ីវិលពាក់ព័ន្ធ។

សេចក្តីព្រាងនេះនិងត្រូវធ្វើការកែសម្រួលមុននិងបញ្ជូនទៅពិនិត្យនិងអនុម័តដោយគណៈកម្មការនយោបាយសេដ្ឋកិច្ចនិងហេរិញវត្ថុដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមការណែនាំរបស់សម្តេចតេជោនៅក្នុងវេទិកាជាមួយដៃគូអភិវឌ្ឍកាលពីម្សិលនៅវិមានសន្តិភាពទោះបីឯកសារនេះត្រូវពិនិត្យដោយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដោយឯកសារនេះត្រូវតែអនុម័តទោះបីមិនបានឆ្លងគណៈរដ្ឋមន្រ្តីក៏ដោយប៉ុន្តែត្រូវអនុម័តដោយសម្តេចតេជោមុននិងរាជរដ្ឋាភិបាលកម្ពុជាដាក់ផ្ញើរទៅអង្គការសហប្រជាជាតិ ហើយយើងទៅបង្ហាញនៅខែកក្តដាខាងមុខនេះ។

លោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជាបានសាទ​រចំពោះក្រសួងផែនការដែលបានបំពេញភារៈកិច្ចតាក់ តែងសេចក្តីព្រាងរបាយការណ៍នេះ ដើម្បីអោយមានការវាយតម្លៃ​និងផ្តល់អនុសាសន៍​ត្រឡប់មក វិញ ក្នុងគោលដៅស្ថាបនាអភិវឌ្ឍន៍កម្ពុជាឲ្យចំគោលដៅ៕