ការចុះបញ្ជីដីនៅទូទាំងប្រទេសសម្រេចបានជាង៧០ភាគរយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៩នេះ ការចុះបញ្ជីដីនៅទូទាំងប្រទេសសម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី ខណៈតាមផែនការ ត្រូវបានធ្វើការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចឲ្យសម្រេចបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមួយនេះ ចុះកាលបរិច្ឆេទថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន៤,៦លានក្បាលដី ចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦ សែនក្បាលដី។ ជាមួយគ្នានេះ ក៏បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន ២៤សហគមន៍ ស្មើនឹង៦៨៤ក្បាលដី ។
ដោយឡែក ក្នុងការងារដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹងចំនួន១០.០៧៨ ករណី ក្នុងនោះបានដោះស្រាយបញ្ចប់៨.០៦២ករណី និងកំពុងដោះស្រាយ២.០១៦ ករណី។ (៣) ការចុះបញ្ជីដីសហគមន៍។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាសេនាធិការ បានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តសមស្រប និងដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស និងយន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតគណៈកម្មការសុរិយោដីថ្នាក់ជាតិ-ថ្នាក់ខេត្ត អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី យន្តការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន និងមិនមានការបង្ខិតបង្ខំ គំរាមកំហែង ឬ បំភិតបំភ័យតូភាគីណាមួយឡើយ។ ក្រសួងដដែល បានអះអាងថា វិធានការទាំងនេះ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម៕