កាកបាទក្រហមកកម្ពុជាបង្កើនការថែទាំសុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យកាន់តែល្អ ប្រសើរឡើង

វិទ្យុជាតិកម្ពុជា ៖​ ដោយ​  ម៉ៅ សុខរីម៖

កាកបាទក្រហមកកម្ពុជាបានបង្កើនការថែទាំសុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីធានាឲ្យប្រជាពលរដ្ឋមានសុខភាពល្អឈានទៅកាត់បន្ថយភាព ក្រីក្រយ៉ាងមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល 20 ឆ្នាំកន្លងទៅនេះ កាកបាទក្រហមកម្ពុជាបានគិតគូរជាប្រចាំលើបញ្ហាសុខភាពនិងការថែទាំសុខភាពសហគមន៍ ដោយបានអនុវត្តស្របទៅនឹងយុទ្ធសាស្ត្រពហុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងសកម្មភាពលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ។ របាយការណ៍បញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកកម្ពុជា បានយកចិត្តទុកដាក់ នឹងរួមចំណែកយ៉ាងសកម្មក្នុងការអប់រំ ផ្សព្វផ្សាយដល់សាធារណជនឲ្យផ្លាស់ប្ដូរនូវការគិត និងឥរិយាបថពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដោយគ្រប់គ្នាត្រូវនិយាយអំពី បញ្ហាអេដស៏ ចេះការពារខ្លួន ការពារគ្រួសារ កុំនាំអេដស៍ចូលផ្ទះ បញ្ឈប់ការរើសអើងអ្នកផ្ទុកមេរោគអេដស៏ ជំងឺអេដស៍ រួមគ្នាជួយផ្ដល់ការគាំទ្រដល់កុមារកំព្រារ និងចាស់ជរាដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៏។
ប្រភពដដែលបានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់ថវិកាក្នុងមួយឆ្នាំ ១លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ២០១២ រហូតមកបច្ចុប្បន្ន ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យនេះក្នុងសកម្មភាពការពារជំងឺជូនកុមារកម្ពុជា ។
សូមបញ្ជាក់ថាសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាមានមហាកិត្តិយសទទួលបានគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ទោះបីជាមានការងារច្រើនដែលត្រូវទទួលបន្ទុកក៏ដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងសហការីនៅតែជម្នះរាល់ឧបសគ្គក្នុងការបំពេញភារកិច្ចយ៉ាងស្វាហាប់ដើម្បីរួមចំណែកយ៉ាងធំធេង ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា នឹង រួមចំណែកកាត់បន្ថយការរីករាលដាលមេរោគអេដស៏ និងអត្រាមរណភាពមាតានិងទារកនៅកម្ពុជាឱ្យនៅកម្រិតទាបបំផុត៕