ចិនប្រឆាំងនឹងការធ្វើនាវាចរណ៍ នាវាចម្បាំងអាម៉េរិក នៅក្បែរកោះក្នុងសមុទ្រចិនខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា  ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ព្រមទាំងប្រឆាំងជំទាស់ដាច់ខាត ចំពោះការធ្វើនាវាចរណ៍របស់នាវាចម្បាំងអាម៉េរិក២គ្រឿង នៅក្បែរកោះរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយថា នាវាចម្បាំងអាម៉េរិក២គ្រឿង បានចូលទៅក្នុងដែនទឹកដែលនៅជិតគ្នានឹងកោះរបស់ចិនក្នុងសមុទ្រចិនខាងត្បូង ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ។ កងនាវាចរចិនបានស្គាល់ នឹងបានធ្វើការពិនិត្យផ្ទៀងផ្ទាត់នាវាចម្បាំងអាម៉េរិកនេះ ព្រមទាំង បានព្រមាននាវាទាំងពីរគ្រឿងនោះឱ្យចាកចេញទៅតាមច្បាប់ ។

លោក Geng បាននិយាយថា ទង្វើដែលមានជាប់ទាក់ទងរបស់នាវាចម្បាំងអាម៉េរិកនេះ បានរំលោភ លើអធិបតេយ្យភារបស់ចិន ព្រមទាំងធ្វើឱ្យខូចដល់សន្តិភាព, សន្តិសុខ ព្រមទាំងបទបញ្ជាដ៏រឹងមាំនៅក្នុង តំបន់សមុទ្រដែលមានជាប់ទាក់ទង ។

លោក Geng បាននិយាយថា បច្ចុប្បន្នជាមួយកិច្ចប្រឹងប្រែងរួមរបស់ចិន និងបណ្តាប្រទេសអាស៊ាន ស្ថានការណ៍ក្នុងសមុទ្រចិនខាងត្បូងមានស្ថិរភាពនឹងមានការធ្វើឱ្យល្អប្រសើរ ។ ចិនទទូចដល់ភាគីអាម៉េរិក ឱ្យបញ្ឈប់សកម្មភាពបង្កហេតុបែបនេះ គោរពអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខចិន ព្រមទាំងគោរពកិច្ចប្រឹងប្រែងរបស់ប្រទេសថ្នាក់តំបន់ ដើម្បីថែរក្សាសន្តិភាព និងស្ថិភាពនៅក្នុងសមុទ្រចិនខាងត្បូង។

លោកបាននិយាយថា ចិននឹងបន្តចាត់វិធានការដែលចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ព្រមទាំងថែរក្សាសន្តភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )