អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់មជ្ឈិមបូព៌ា

មជ្ឈិមបូព៌ា៖ ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកលោកហ្សន បល់តុន ​បាននិយាយថារដ្ឋការលោកត្រាំកំពុងបញ្ជូននាវាផ្ទុកយន្តហោះ​ និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់មជ្ឈឹមបូព៌ាដើម្បីជាការឆ្លើយតបទៅនឹង​ ការបង្ហាញនិងការ​ព្រមាន ពីប្រទេសអ៊ីរ៉ង់និងដើម្បីបង្ហាញថាសហរដ្ឋអាមេរិកនឹងសងសឹកចំពោះការវាយប្រហារណាមួយដែលអាចនឹងកើតមានឡើង ។

​ភាពតានតឹងកំពុងតែកើតមានឡើង​រវាងក្រុងវ៉ាស៊ីនតោននិង​ក្រុងតេអេរ៉ង់ហើយមន្ត្រីអាមេរិកបាននិយាយថាការដាក់ពង្រាយនេះត្រូវបានបញ្ជាឲ្យធ្វើឡើងដើម្បីជាការត្រៀមតបទៅនឹងអ្វីដែលត្រូវបាន​មើលឃើញថាជាការរៀបចំ របស់កងកម្លាំងអ៊ីរ៉ង់
និងក្រុមដែលប្រទេសអ៊ីរ៉ង់ជួលឲ្យធ្វើសង្គ្រាមសម្រាប់ប្រទេសខ្លួនដែលអាចធ្វើការវាយប្រហារទៅលើកងកម្លាំងអាមេរិកនៅក្នុងតំបន់នោះ។

ទោះយ៉ាងណាក៏ដោយមន្ដ្រីអនាមិកម្នាក់បាននិយាយថាសហរដ្ឋអាមេរិកមិនរំពឹងថាមានការវាយប្រហារណាមួយពីប្រទេ
សអ៊ីរ៉ង់នោះទេ។​លោកទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា:
«សហរដ្ឋអាមេរិកមិនស្វែងរកការធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ទេប៉ុន្តែអាមេរិកត្រៀមខ្លួនយ៉ាងពេញលេញដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមិនថាដោយក្រុមដែលប្រទេសអ៊ីរ៉ង់ជួលឲ្យធ្វើសង្គ្រាមសម្រាប់ប្រទេសខ្លួន ឬដោយ​ឆ្មាំបដិវត្តអ៊ីស្លាមឬក៏កងកម្លាំងអ៊ីរ៉ង់នោះទេ»។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៧.០៥.១៩)