រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញចូលរួមក្នុងពិធីប្រកាសនីយបត្រតែងតាំងគោរមងារ និងស្រោចសុគន្ធវារីដល់មន្ត្រីសង្ឃក្នុងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប និងសម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ និងនិមន្តជាអធិបតីភាពក្នុងពិធីប្រគេនព្រះរាជក្រឹត្យ ប្រកាសនីយបត្រតែងតាំងគោរមងារ និងស្រោចសុគន្ធវារីដល់មន្ត្រីសង្ឃក្នុងខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេគណនិងមន្ត្រីសង្ឃ ព្រះសង្ឃក្នុងខេត្ត កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្ត សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ គរុសិស្ស តាជីយាយជី និងប្រជាពលរដ្ឋសរុបប្រមាណជាង២៤០០អង្គ/នាក់។

ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា វិស័យសាសនាជាចលករដ៏សំខាន់សម្រាប់ជំរុ ញឱ្យមានការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព ហើយគ្រប់សាសនាដែលមាននៅ ព្រះរាជាណាចក្រកម្ពុជា គឺបានប្រសូត្រឡើងនៅថ្ងៃខែឆ្នាំតែមួយក្រោមដំបូលសុខសន្តិភាព នៃស្មារតីជ័យជម្នះ៧មករា ហើយត្រូវបានរដ្ឋធម្មនុញ្ញចាត់ទុកជាសាសនារបស់រដ្ឋ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងឱ្យដឹងផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជាបានបញ្ជាក់ច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យព្រះពុទ្ធ សាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកម្ពស់វប្បធម៌ ការយោគយល់គ្នាក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

សម្តេចពិជ័យសេនាបានបន្តថា វត្តអារាមព្រមទាំងព្រះតេជគុណព្រះសង្ឃ គ្រប់ព្រះអង្គមិនគ្រាន់តែជាទីដ្ឋាននិងជាបុគ្គលសម្រាប់គោរពសក្ការបូជាប៉ុណ្ណោះទេ តែក៏ជា កន្លែងប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ មូលធនបញ្ញាញាណ បញ្ញវន្ត សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យទៀតផង។ ជាក់ស្តែងយើង ទាំងអស់គ្នាសង្កេតឃើញថា សាលារៀននៅជាប់នឹងវត្តអារាមតែងតែឃើញព្រះសង្ឃ មានតួនាទីរួមចំណែកក្នុងការកសាង សង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌និងសុជីវធម៌។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តសៀមរាប សម្តេចពិជ័យសេនា សូមអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ និងសប្បុរសជនទាំងឡាយ បន្តយកចិត្តទុកដាក់ការងារសម្រាប់បម្រើឱ្យ សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដើម្បីភាពរីកចម្រើននិងសុខដុមរមនា។ ការប្រគេនព្រះរាជ ក្រឹត្យប្រកាសនីយបត្រតែងតាំងគោរមងារ និងស្រោចសុគន្ធវារី នាពេលនេះពិតជា បានឆ្លើយតប សមស្របទៅនឹងស្ថានភាពសង្គមដែលកំពុងរីក ចម្រើននិងសេចក្តីត្រូវ ការចាំបាច់ រវាងព្រះសង្ឃនិងព្រះសង្ឃនាពេលបច្ចុប្បន្ន ដូច្នេះយើងត្រូវរួមគ្នាទប់ស្កាត់ លោភៈ ទោសៈ មោហៈ និងអំពើអកុសលទាំងឡាយដែលនាំឱ្យអន្តរាយដល់ទ្រព្យសម្បត្តិ សេចក្តីសុខ ជីវិតមនុស្ស និងសុខសន្តិភាពសណ្តាប់ធ្នាប់សង្គម។

គួរបញ្ជាក់ថា ពិធីប្រគេនព្រះរាជក្រឹត្យ ប្រកាសនីយបត្រតែងតាំងគោរមងារនិង ប្រគល់ផ្លិត យសដល់មន្ត្រីសង្ឃក្នុងខេត្តសៀមរាបចំនួន៤៩អង្គ ក្នុងនោះព្រះរាជាគណៈ ថ្នាក់កិត្តិយសចំនួន៤អង្គ ផ្សេងពីនេះតែងតាំងនិងប្រកាសជាព្រះគ្រូ ជាព្រះសមុហ៍អនុគណ ព្រះលេខាអនុគណក្រុង ព្រះចៅអធិការ និងគ្រូសូត្រឆ្វេងស្តាំ ព្រះវិន័យធរវត្ត និងព្រះលេខាធិការខេត្ត៕

ដោយ ហង្ស សៀក