កាកបាទក្រហមកម្ពុជាកៀគរកម្លំាងយុវជនស្ម័គ្រចិត្តបានកើនឡើងជាង៥ម៉ឺននាក់នៅ ទូទំាងប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ៖


កាកបាទក្រហមកម្ពុជាបានកៀគរកម្លំាងយុវជនស្ម័គ្រចិត្តកើនឡើងជាង៥ម៉ឺននាក់នៅ ទូទំាងប្រទេស ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ យ៉ាងមានប្រសិទ្ធភាពនៅក្នុងសង្គម។


យោងតាមរបាយការណ៍ដែលវិទ្យុជាតិកម្ពុជាទទួលបានឲ្យដឹងថា កាកបាទក្រហមកម្ពុជា បាន កសាងនូវភាពរឹងមាំ ផ្នែកហិរញ្ញវត្ថុ ជាមួយនឹងជោគជ័យ នៃនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨បានផ្ដល់ឱកាសគ្រប់គ្រាន់ដល់សមាគមជាតិកាកបាទក្រហមកម្ពុជា ក្នុងការចាប់ផ្ដើមពង្រឹងសមត្ថភាពក្នុងការកៀគរយុវជនកម្ពុជាដែលមានត្រឹមតែ៩០០នាក់ មាននៅតែ៣សាខា គឺខេត្តបាត់ដំបង សៀមរាប និងតាកែវ បានកើនឡើងដល់ជាង៣ម៉ឺននាក់ និងចំនួនអ្នកស្ម័គ្រចិត្តបានកើនឡើងជាង២ម៉ឺននាក់នៅគ្រប់សាខាទូទំាងប្រទេស។
របាយការណ៍បានឲ្យដឹងថា ក្រុមយុវជនកាកបាទក្រហមទំាងនេះមានសមាសភាពមកពីបណ្ដាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនចាប់ពីថ្នាក់មធ្យមសិក្សាដល់ឧត្តមសិក្សានៅរាជធានីភ្នំពេញនិងខេត្តទូទំាងប្រទេស។
ប្រភពដ៏ដែលបញ្ជាក់ថាកម្លាំងយុវជនទាំងអស់នេះ ត្រូវបាន បណ្តុះបណ្តាលចំណេះដឹង និងជំនាញផ្សេងៗ ដើម្បីត្រៀមធ្វើជាកំលាំងឈានមុខ ធ្វើជាធនធានមនុស្សដ៏រឹងមាំប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែកបំរើសកម្មភាពមនុស្សធម៌ ជាមួយចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម និងអាចឆ្លើយតបទៅនឹងការជួយដល់សមាគមន៍ នៅពេលមានគ្រោះមហន្តរាយកើតមានឡើងម្ដងៗ ការចូលរួមលើកកម្ពស់សេវាសុខភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងបន្តចូលរួមសកម្មភាពថែមទៀត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដែលជាអតិភាព នៃភាពងាយរងគ្រោះនៅកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំមកនេះកាកបាទក្រហមកម្ពុជា ត្រូវបានពង្រីក នៅគ្រប់ខេត្ត-រាជធានីនិងបណ្ដាគ្រឹះស្ថានសិក្សាដែលធ្វើឲ្យចំនួនយុវជន និងអ្នកស្ម័គ្រចិត្តមានការកើនឡើង ដែលជាកម្លាំងជួរមុខ ប្រកបដោយថាមពលក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ទីកន្លែង ដូចពាក្យស្លោកថា”កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់គ្រប់ៗគ្នា ៕