អង្គការភ្លែនអន្តរជាតិ បិទបញ្ចប់តំបន់ប្រតិបត្តិកម្មវិធីប្រចាំខេត្តត្បូងឃ្មុំដោយបានបន្សល់ទុកនូវសមិទ្ធផលជាច្រើនជាប្រយោជន៍បរស់ប្រជាពលរដ្ឋ និងសហគមន៍

វិទ្យុជាតិកម្ពុជា ៖ ដោយលោកចេម ហួត

ត្បូងឃ្មុំ៖ អង្គការភែ្លនអន្តរជាតិ នឹងរៀបចំសិក្ខាសាលា «បិទបញ្ចប់តំបន់ប្រតិបត្តិកម្មវិធីប្រចាំខេត្តត្បូងឃ្មុំ» នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអនុវត្តគម្រោងលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ក្នុងខេត្តនេះអស់រយៈពេល១៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពី២០០៤ម្ល៉េះ។ សិក្ខាសាលានេះ នឹងរៀបចំឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមជាង១៥០នាក់ ពីសំណាក់គណៈអភិបាលខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណៈអភិបាលស្រុក ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសហគមន៍ តំណាងកុមារ និងអង្គការដៃគូនានា។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រេចបាន ក្នុងតំបន់ប្រតិបត្តិកម្មវិធី ក្នុងរយៈពេលកន្លងមក និងការប្រគល់សមិទ្ធផលទាំងនេះ ជូនដល់អាជ្ញាធរខេត្តអនុវត្តបន្ត។

លោក យី គីមថាន នាយករងប្រចាំប្រទេស ផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានលើកឡើងថា៖ « ដោយសារស្ថានភាពជីវភាពប្រជាជន ក៏ដូចជាស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី នៅក្នុងតំបន់គោលដៅខេត្តត្បូងឃ្មុំមានភាពប្រសើរឡើងគួឲ្យកត់សម្គាល់ បន្ទាប់ពីការអនុវត្តគម្រោងរបស់យើងអស់រយៈពេល១៥ឆ្នាំកន្លងមក យើងសម្រេចថា វាជាពេលវេលាដ៏សាកសម ក្នុងការដកខ្លួនចេញពីខេត្តនេះ»។

អង្គការភ្លែនអន្តរជាតិ ចាប់ផ្តើមប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០០៤ ដោយធ្វើការក្នុងស្រុកចំនួន២ គឺ ស្រុកតំបែរ និងពញាក្រែក ដែលគ្របដណ្តប់លើឃុំចំនួន១៧ និងភូមិចំនួន១៥២។ ក្នុងតំបន់គោលដៅនេះ អង្គការភ្លែនអន្តរជាតិ ផ្តោតលើ កម្មវិធីមួយចំនួនរួមមាន៖គាំពារនិងអភិវឌ្ឍន៍កុមារតូច, កិច្ចការពារកុមារ, ទឹកស្អាត និងអនាម័យ, អាហារូបត្ថម្ភ, ការបង្កើនកម្រិតជីវភាពគ្រួសារ,និងការអប់រំថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ, ការចូលរួមរបស់កុមារ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ។

លោក យី គីមថាន បន្ថែមថា៖«កម្មវិធីរបស់យើង រួមចំណែកធ្វើឲ្យស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី មានភាពប្រសើរឡើងច្រើន ជាពិសេស គឺពាក់ព័ន្ធនឹងសិទ្ធិទទួលបានសុខភាពល្អពីកំណើត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានទឹកស្អាត និងអនាម័យ សិទ្ធិចូលរួម និងទទួលបានការការពារពីគ្រប់ទម្រង់នៃការរើសអើង។ រយៈពេល១៥ឆ្នាំមកនេះ យើងបានធ្វើការជាមួយកុមារ និងគ្រួសាររបស់គាត់ប្រមាណ ២.៥សែននាក់»។

បើតាមលោក យី គីមថាន ដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ អាជ្ញាធរ និងសហគមន៍នាពេលកន្លងមក គម្រោងនេះទទួលបានសមិទ្ធផលសំខាន់ៗគួរឲ្យសារទររួមមាន បង្កើតក្លិបកុមារ គាំទ្របណ្តាញការពារកុមារ បង្កើតក្រុមអប់រំ និងបណ្តុះបណ្តាលការអប់រំសុខភាពបន្តពូជដល់យុវជន សាងសង់សាលារៀនថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ មតេ្តយ្យសហគមន៍ មណ្ឌលសុខភាព អគារសម្រាកក្រោយពេលសម្រាល ស្ថានីយ៍ផលិតទឹក អណ្តូងទឹក និងបង្គន់អនាម័យ ជាពិសេសពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញនានានៅថ្នាក់ខេត្ត និងអង្គការដៃគូ។

សូមបញ្ជាក់ថា សមិទ្ធផលរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាទាំងនោះរួមមាន៖
• គាំទ្របង្កើតក្លិបកុមារ និងបណ្តុះបណ្តាលពីសិទ្ធិកុមារ ការគ្រប់គ្រងក្លិប និងជំនាញសម្របសម្រួល ចំនួន ១៨៧ក្លិប
• គាំទ្របង្កើតបណ្តាញការពារកុមារ អប់រំ រាយការណ៍ និងដោះស្រាយ ពីការរំលោភបំពានកុមារ ចំនួន ១៨៧ បណ្តាញ
• សាងសង់ អណ្តូងទឹក ក្នុងសហគមន៍ សាលារៀន និងក្នុងសាលាមតេ្តយ្យសហគមន៍ ចំនួន៥៤១
• សាងសង់ បង្គន់នៅសាលារៀន និងមតេ្តយ្យសហគមន៍ចំនួន ១០០
• សាងសង់ មណ្ឌលសុខភាព អគារសម្រាកក្រោយពេលសម្រាល បំពាក់ជាមួយសម្ភារ បង្គន់ អណ្តូង និងផ្ទាំងសូឡា ចំនួន៩
• សាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១៨ខ្នង
• សាងសង់អគារបណ្ណាល័យចំនួន ១៣ខ្នង ព្រមទាំងផ្គត់ផ្គង់សម្ភារ និងសៀវភៅអាន
• កសាងសួនកុមារនៅតាមសាលារៀនចំនួន ៤១
• គាំទ្រមណ្ឌលសុខភាពចំនួន ៥ ក្នុងការចាក់វ៉ាក់សាំងដល់កុមារ ៣ ៧០៧ នាក់
• គាំទ្រកម្មវិធីអាហារូបត្ថម្ភ ដល់កុមារតូច ចំនួន ១១ ២៧០ នាក់
• គាំទ្របង្កើតក្រុមអប់រំ និងបណ្តុះបណ្តាលការអប់រំសុខភាពបន្តពូជដល់យុវជន ៧៥ ៩៨៦ នាក់
• គាំទ្រ និងសាងសង់ ១៣១ សាលាមតេ្តយ្យសហគមន៍ និងមតេ្តយ្យរដ្ឋ (ជាមួយសម្ភាររៀន និងបង្រៀន បង្គន់ និងសួនកុមារ)
• គាំទ្រ និងបង្កើតក្រុមឪពុកម្តាយចំនួន ៩៥៨ និងបណ្តុះបណ្តាលពួកគាត់ ពីទម្លាប់ល្អទាំង ១២យ៉ាង
• បណ្តុះបណ្តាលគ្រូ ១២០នាក់ ពីបចេ្ចកទេសបង្រៀនកុមារតូច
• គាំទ្របង្កើតថ្នាក់សិស្សរៀនយឺតសម្រាប់ ១០០ក្រុម
• បញ្ចូលកុមារ និងយុវជន ក្នុងការងារត្រៀម និងកាត់បន្ថយគ្រោះមហន្តរាយ
សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា តាំងពីឆ្នាំ ២០០២។ ក្នុងនាមជាអង្គការដែលយកចិត្តទុកដាក់លើផលប្រយោជន៍ល្អបំផុតរបស់កុមារ អន្តរាគមន៍របស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានជួយដល់កុមារ ជាងកន្លះលាននាក់ និងគ្រួសាររបស់ពួកគេ តាមរយៈកម្មវិធី ៥សំខាន់ៗ រួមមាន៖ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច, កិច្ចការពារកុមារ, ទឹកស្អាត និងអនាម័យ, អាហារូបត្ថម្ភ ,ការអប់រំថ្នាក់បឋមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ អង្គការភ្លែនអន្តរជាតិកំពុងធ្វើប្រតិបត្តការនៅក្នុង១៧ខេត្ត-រាជធានី ក្នុងចំណោម២៥ខេត្ត-រាជធានីនៃប្រទេសកម្ពុជា៕