ធនាគារពិភពលោក៖ កម្ពុជាគួរកែលម្អសមត្ថភាពប្រកួតប្រជែងសម្រាប់រក្សាសន្ទុះកំណើនទៅថ្ងៃមុខ

វិទ្យុជាតិកម្ពុ៖ ដោយលោក វ៉ាង ភក្តី

ភ្នំពេញ៖ ធនាគារពិភពលោក លើកឡើងថា កម្ពុជាគួរកែលម្អសមត្ថភាពប្រកួតប្រជែងឲ្យប្រសើរឡើងដើម្បីជាគន្លឹះសម្រាប់រក្សាសន្ទុះកំណើនទៅថ្ងៃមុខ ខណៈកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ។

តាមរយៈរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី៦ ខែឧសភានេះ លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ការធ្វើឲ្យប្រសើរឡើងដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះសម្រាប់រក្សាកំណើនខ្លាំងក្នុងរយៈពេលមធ្យម។ លោកស្រីបន្តថា ភស្តុតាងនានាបានរំលេចឲ្យឃើញថាការវិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និងការកែលម្អគុណភាពនៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការឈានទៅសម្រេចគោលដៅជាសេដ្ឋកិច្ចមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។

របាយការណ៍របស់ធនាគារពិភពលោក បញ្ជាក់ថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច៧,៥ភាគរយនៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញផ្សេងទៀត ព្រមទាំងការបន្តលូតលាស់នៃវិស័យសំណង់។ 

ប៉ុន្តែ ភាពមិនប្រាកដប្រជានៃទីផ្សារសហភាពអឺរ៉ុប ដែលស្រូបយកជាងមួយភាគបីនៃទំហំនៃការនាំចេញសរុបរបស់កម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយាន អាចឲ្យកម្ពុជាកាត់បន្ថយការនាំចេញ ក្រោយបាត់បង់ភាពអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ(EBA)។ បន្ថែមលើនេះ វិស័យសំណង់ និងអចលនទ្រព្យ ក៏អាចជួបហានិភ័យ ដោយសារហិរញ្ញវត្ថុផងដែរ។

របាយការណ៍នេះ បានផ្តល់អនុសាសន៍ឲ្យមានការបំពេញភាពខ្វះខាតផ្នែកជំនាញ និងការវិនិយោគទៅលើមូលធនមនុស្ស ដើម្បីផ្តល់ជាគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាយូរអង្វែង ខណៈការបង្កើនទំហំ និងប្រសិទ្ធផលនៃការវិនិយោគទាំងនេះពីសំណាក់បុគ្គលផ្ទាល់ និងវិស័យសាធារណៈនិងឯកជន អាចជួយធានាឲ្យកុមារកម្ពុជាមានចំណុចចាប់ផ្តើមល្អមួយឆ្ពោះទៅអនាគត ដោយផ្តល់ដល់ពួកគេនូវមូលដ្ឋានគ្រឹះដែលពួកគេត្រូវការចាំបាច់ ដើម្បីទាញយកផលអតិបរមាពីការអប់រំសិក្សា ហើយអភិវឌ្ឍជំនាញឲ្យបានច្រើនពេញមួយដំណើរជីវិតរបស់ខ្លួន៕