ក្រសួងប្រៃសណីយ៍ចាប់ផ្តើមអនុវត្តគម្រោងរាជរដ្ឋាភិបាលអេឡិចត្រូនិចដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ជាតិ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហុក សុខរិន 

ភ្នំពេញ៖  ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចាប់ផ្តើមអនុវត្តគម្រោងរាជរដ្ឋាភិបាលអេឡិចត្រូនិច ឬ E Governmentដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចំរើន ស្របតាមសម័យភាវូបនីយកម្ម បច្ចេកវិទ្យាអាយស៊ីធី។

            រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថាក្រសួងបានសហការជាមួយវិស័យឯកជនដើម្បីរៀបចំគំរូប្លង់ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការបុគ្គលិក សម្ភារៈបច្ចេកទេស  និងការ ចំណាយប្រតិបត្តិការនានា ដើម្បីដាក់សំណើទៅកាន់ប្រមុខរាជរដ្ឋាភិបាលឆ្ពោះទៅអភិវឌ្ឍន៍មជ្ឈមណ្ឌលជាតិកុំព្យូទ័រដែលឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលអេឡិចត្រូនិច។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស្តីពី កំណែទម្រងប្រព័ន្ធឌីជីថលនៅព្រឹកថ្ងៃទី៦ ខែឧសភា ឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណ៍យ៍និងទូរគមនាគមន៍បានឲ្យដឹងថា រាជរដ្ឋាភិបាលអេឡិចត្រូនិចនេះនឹង ប្រមូលផ្តុំរាល់ព័ត៌មាននិងសេវាកម្មរបស់ក្រសួងស្ថាប័នរដ្ឋទំាងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អោយ នៅក្នុងប្រព័ន្ធតែមួយនៅមជ្ឈមណ្ឌលជាតិកំព្យូទ័រ ដើម្បីអោយប្រជាពលរដ្ឋអាចចូលទៅប្រើប្រាស់បានដោយងាយស្រួល។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងរៀបចំប្រព័ន្ធរាជរដ្ឋាភិបាលអេឡិចត្រូនិចនេះ អាចនឹងយកគំរូតាមប្រទេសកូរ៉េខាងត្បូង ហើយសុំអោយអ្នកជំនាញការរបស់ប្រទេសនេះមកជួយ រៀបចំនៅកម្ពុជា      ខណៈប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលខ្លំាងទី១នៅលើពីភពលោក លើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តីបានះអាងថា ដើម្បីអោយគម្រោងរាជរដ្ឋាភិបាលអេឡិចត្រូនិចនេះបានជោគជ័យ រាជរដ្ឋាភិបាលក៏ត្រូវតែពន្លឿនការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេវាអ៊ីនធឺណេតទំាងអត់ខ្សែនិង មានខ្សែឲ្យបានគ្រប់ច្រកល្ហករួមទំាងតំបន់ដាច់ស្រយាលឆ្ងាយត្រូវមានប្រព័ន្ធអ៊ីធឺណេតគ្រប់គ្រាន់ដើម្បី អាចចូលទៅប្រើប្រាស់ប្រព័ន្ធរាជរដ្ឋាភិបាលអេចត្រូនិចនេះបាន។

លោកអៀន វាន់ស៊ុន តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងរវាងក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ជាមួយនឹងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនាពេលនេះភាគីទំាង២បានឯកភាពគ្នា ក្នុងការបង្កើតគណៈកម្មាធិការមួយដើម្បីពង្រីកលំហការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចុងក្រោយ៥ជី អោយ កាន់តែទូលំទូលាយ ដើម្បីឆ្ពោះទៅការលើកកម្ពស់វិស័យe-commerce  e-government cyber security ដើម្បីជំរុញការអភិវឌ្ឍប្រទេស។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគ្រោងដាក់អោយប្រើប្រាស់សេវាកម្ម បច្ចេកវិទ្យា៥ជី សម្រាប់សាធារណជននៅចុងឆ្នាំ២០១៩ខាងមុខនេះ  ដើម្បីធានាឲ្យកម្ពុជាក្លាយជា ប្រទេសដ៏រឹងមាំមួយក្នុងតំបន់លើការវិវត្តន៍បច្ចេកវិទ្យាស្របតាមការរីកចំរើនយ៉ាងឆាប់រហ័សនិង កំណើនពាណិជ្ជកម្មសេដ្ឋកិច្ច៕