អ.ស.ប អំពាវនាវឱ្យមានបទឈប់បាញ់មួយសប្តាហ៍ នៅក្នុងទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា  ឆ្នាំ២០១៩ — បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ី(UNSMIL) កាលពីថ្ងៃ​អាទិត្យ ​បានអំពាវនាវឱ្យមានបទឈប់បាញ់មួយសប្តាហ៍ នៅក្នុងរដ្ឋធានីទ្រីប៉ូលីដែល ការប៉ះទង្គិចគ្នាកំពុងបន្តកើតមានឡើង រវាងរដ្ឋាភិបាលដែលគាំទ្រដោយអង្គការ​សហ​ប្រជា​ជាតិ ​​និងកងទ័ពដែលមានមូលដ្ឋាននៅភាគខាងកើត។

UNSMIL អំពាវនាវឱ្យមានបទឈប់បាញ់ ជាមនុស្សធម៌រយៈពេលមួយសប្ដាហ៍​ដោយ​ចាប់ផ្ដើមនៅម៉ោង ០៤ព្រឹកថ្ងៃដំបូងនៃពិធីបុណ្យរ៉ាម៉ាដាន នៅថ្ងៃទី០៦ ខែឧសភា ​ស្របតាម​ស្មារតីនៃខែនេះ ព្រមទាំង     អនុសញ្ញាស្តីពីសិទ្ធិមនុស្សដែលភាគីទាំងអស់ប្តេជ្ញាថា បញ្ឈប់រាល់​ទម្រង់នៃប្រតិបត្តិការយោធា រួមទាំងឈ្លបយកការណ៍ ការវាយប្រហារ និងការចល័តកង​កម្លាំង។

UNSMIL បានអំពាវនាវដល់គ្រប់ភាគីលីប៊ីទាំងអស់ឱ្យផ្តល់ជំនួយមនុស្សធម៌ដល់អ្នក​ដែល​ត្រូវការជំនួយ​ នឹងដើម្បីធានាឱ្យមានសេរីភាពក្នុងការធ្វើដំណើរសម្រាប់ជនស៊ីវិល​ក្នុង​អំឡុងបទឈប់បាញ់នេះ។

បេសកកម្មនេះបានបន្ថែមថា បេសកកម្មលើកទឹកចិត្តដល់គ្រប់ភាគីទាំងអស់​ឱ្យប្រើបទ​ឈប់បាញ់ ដើម្បីដោះដូរអ្នកទោស​និងសាកសពនៃអ្នកស្លាប់ ហើយបង្ហាញពីការត្រៀមខ្លួន​របស់ខ្លួន​ដើម្បីផ្តល់ការគាំទ្រចាំបាច់នៅក្នុងរឿងនេះ។

កងទ័ពដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar បានដឹកនាំយុទ្ធនាការយោធា​ចាប់តាំងពីដើមខែមេសាមក ដើម្បីដណ្ដើមយករដ្ឋធានីទ្រីប៉ូលីពីរដ្ឋាភិបាល។ រហូតមកដល់ពេលនេះ ការប្រយុទ្ធបានសម្លាប់មនុស្សជិត ៤០០នាក់ រងរបួសជិត ២.០០០នាក់ និងបង្ខំ មនុស្សជាង៥០.០០០នាក់ផ្សេងទៀត ឱ្យភៀសខ្លួនចេញពី​ផ្ទះសម្បែង​របស់ពួកគេ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )