ក្រសួងព័ត៌មានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានគោរពវិជ្ជាជីវៈដើម្បីចៀសផុតពីបញ្ហាគំរាមកំហែង និងផ្លូវច្បាប់

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពវិជ្ជាជីវៈក្រមសីលធម៌អ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវដើម្បីចៀសផុតពីបញ្ហាគំរាមកំហែងខាងផ្លូវច្បាប់ និងលើកកម្ពស់តម្លៃខ្លួនឯង។
ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញការចង់បានយ៉ាងខ្លាំង នូវអ្នកសារព័ត៌មានដែលមានចំណេះដឹងខ្ពស់ចេះវិភាគបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិដើម្បីផ្តល់ចំណេះដឹងកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋងាយស្រួលសម្រេចចិត្តត្រឹមត្រូវមុននឹងធ្វើការអ្វីមួយ។
ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់វេទិកាអ្នកសារព័ត៌មានក្នុងទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោកថ្ងៃទី៣ ឧសភាឆ្នាំ២០១៩ ឯកឧត្តមខៀវ កាញារីទ្ធបានបញ្ជាក់ថា អ្នក សាព័ត៌មានត្រូវចេះវិភាគ ពន្យល់ឲ្យបានច្បាស់លាស់ពីមូលហេតុនៃព្រឹត្តិការណ៍មួយ មិនមែនធ្វើត្រឹមតែជាអ្នកសាព័ត៌មានផ្តល់ដំណឹងធម្មតាប៉ុណ្ណោះទេ គឺត្រូវបង្កើនចំណេះដឹងឲ្យក្លាយជាអ្នកវិភាគដ៏ល្អមួយរូបថែមទៀត។ ជាមួយគ្នានោះដែរក្រសួងព័ត៌មានមិនគាំទ្រឲ្យមានការចាប់ខ្លួនអ្នកសាព័ត៌មានល្អត្រឹមត្រូវនោះទេ ពោលគឺអ្នកកាសែតគោរពវិជ្ជាជីវៈមិនដែលមានបញ្ហានោះឡើយ ផ្ទុយទៅវិញមានតែអ្នកកាសែតដែលចេះតែថតរួប កាងឈើ កាងបទល្មើស និងចំរិតទាប្រាក់ពីគេទេ ដែលងាយប្រឈមមុខទៅនឹងផ្លូវច្បាប់។
សំភាសន៍៖ «និយាយរួមយើងឃើញការគំរាមកំហែងគំរាមកំហែងអ្នកណាខ្លះ អ្នកសាព័ត៌មានខ្លះដែលត្រូវគេគំរាមកំហែង ឬត្រូវគេរករឿង ភាគច្រើនជួនកាលខ្ញុំមិនដែលឮសូម្បីតែឈ្មោះកាសែតនោះផង ខ្ញុំមិនដែលឃើញកាសែតធំៗមានបញ្ហានោះទេ »។
លោកប៉ែន បូណាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានគាំទ្រចំពោះការជំរុញឲ្យអ្នកសាព័ត៌មានពង្រឹងសមត្ថភាពធ្វើការឈរលើវិជ្ជាជីវៈត្រឹមត្រូវនេះ ។ ប៉ុន្តែដើម្បីឲ្យអ្នកសារព័ត៌មានអាចប្រកបអាជីពតាមវិជ្ជាជីវៈនោះ ទាមទាឲ្យមានការចូលរួមគាំទ្រពីអាជ្ញាធរ ដៃគូពាក់ព័ន្ធ ត្រូវបង្ករឱកាសងាយស្រួល ពេលអ្នកសាព័ត៌មានចុះធ្វើការឿងស៊ើបអង្កេត ធ្វើបទវិភាគស៊ីជំរៅលើប្រធានបទអ្វីមួយ។ ម៉្យាងវិញទៀតការបណ្តុះបណ្តាល់ត្រឹមត្រូវ និងជីវភាពអ្នកសារព័ត៌មានល្អប្រសើរ ក៏ជំរុញឲ្យពួកគេមានឆន្ទៈកាន់តែខ្ពស់ចូលរួមផ្សព្វផ្សាយបញ្ហាសង្គមជាតិកាន់តែច្រើនផងដែរ៕