​ចំនួនអ្នកស្លាប់បានកើនឡើងក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

ប៉ាឡេស្ទីន៖ បើយោងតាមសេចក្តីរាយការណ៍ពីមន្រ្តី ប៉ាឡេស្ទីននិងកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថាគ្រាប់រ៉ុកកែតនិងមីស៊ីលដែលបាញ់ចេញពីតំបន់ហ្គាហ្សាបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែល៤នាក់ខណៈដែលអ៊ីស្រាអែលធ្វើការវាយប្រហារតបវិញដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១៩នាក់ដែលជាងពាក់កណ្តាលជាជនស៊ីវិលនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យនេះ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីនណេតាន់យ៉ាហ៊ូបាននិយាយថាលោកបានបញ្ជាឱ្យយោធាបន្តធ្វើការវាយប្រហារដ៏ធំប្រឆាំងក្រុមហាម៉ាស់និងក្រុមអ៊ីស្លាមជីហាដដែលកំពុងប៉ះទង្គិចគ្នានៅតាមព្រំដែនចាប់តាំងពីមានជម្លោះកាលពីខែវិច្ឆិកាឆ្នាំមុនមក។

យោធាអ៊ីស្រាអែលបាននិយាយថាក្នុងចំណោមគ្រាប់រ៉ុកកែតនិងគ្រាប់ផ្លោងដទៃទៀតជាង ៦០០ គ្រាប់មាន១៥០គ្រាប់ត្រូវបានបាញ់ទំលាក់ដោយប្រព័ន្ធការពារមីស៊ីលនៅទីប្រជុំជនអ៊ីស្រាអែលភាគខាងត្បូងចាប់តាំងពីថ្ងៃសុក្រកន្លងមក។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៥.១៩)