ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងណែនាំឱ្យប្រុងប្រយ័ត្នអគ្គិសភ័យនៅរដូវក្តៅ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖


ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទៅឱ្យប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ចៀសវាងកើតអគ្គីភ័យឆាបឆេះផ្ទះសម្បែង ឬកន្លែងប្រកបអាជីវកម្មផ្សេងៗនៅក្នុងរដូវប្រាំងនេះ។

ការណែនាំឱ្យប្រុងប្រយ័ត្នចំពោះភ្លើងផ្សែងនេះ ក្រោយពីអគ្គីភ័យឆេះស្ថានីប្រេងឥន្ទៈ(ប៉ាវចិន្តា២)កាលពីល្ងាចថ្ងៃទី០៣ឧសភាឆ្នាំ២០១៩។លោកឧត្តមសេនីយ៍ទោ ម៉ៅតារា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានក្រើនរំលើកសាជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យនាំគ្នាលើកកម្ពស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការពារសុវត្ថិភាព ទៅតាមគ្រួសារនិមួយៗឬនៅតាមហាងអាជីវកម្មផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា៖ បងប្អូនចៀសវាងការបំពក់ភ្លើងផ្សែង ការចំអិនអាហារចោល មិនបាននៅជិត និងប្រុងប្រយ័ត្នចំពោះ ការប្រើប្រាស់គ្រឿងអគ្គីសនីផ្សេងៗ និងការប្រកបរបរអាជីវកម្មមានប្រើឧបករណ៍ភ្លើងជាដើម ដើម្បីយើងរួមគ្នាបញ្ជៀសនៅហានីភ័យ ដែលបណ្តាលមកពីការធ្វេសប្រហែស។

ជាក់ស្តែងដូចស្ថានីប្រេងឥន្ទនៈនិងហ្គាស(ប៉ាវចិន្ដា២)នៅចំណុចគីឡូ២ក្នុងភូមិរាជានុគោល សង្កាត់ក្រុង ខេត្តស្ទឹងត្រែង ត្រូវអគ្គិភ័យឆាបឆេះនៅល្ងាចថ្ងៃទី០៣ឧសភាឆ្នាំ២០១៩វេលាម៉ោង៥.៣០នាទីបង្កឱ្យប្រជាពលរដ្ឋនៅជិតស្ថានីនេះ ប្រមូលបានតែកូនចៅ នាំគ្នារត់ឱ្យរួចជីវិតតែប៉ុណ្ណោះ។

ជាមួយនិងការពន្លត់អគ្គីភ័យនេះ មន្ត្រីនគរបាលផ្នែកអគ្គីភ័យ បានប្រើប្រាស់រថយន្តចំនួន៥គ្រឿង បាញ់ទឹកអស់ចំនួន៦៤ស៊ីតែន ទៅលើទីតាំង និងព័ទ្ធជុំវិញ ទើបរលត់បាន និងការពារមិនឱ្យរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ គ្រោះអគ្គីភ័យនេះបានឆេះរថយន្តអស់៤គ្រឿង ម៉ូតូចំនួន៣គ្រឿង បង្កឱ្យរបួសមនុស្សចំនួន៥នាក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋអ្នកជិតខាងមួយចំនួន និងខូចខាតសម្ភារៈផ្សេងៗ សរុបទឹកប្រាក់មានតម្លៃជាច្រើនម៉ឺនដុល្លារ៕