ឯកឧត្តមខៀវកាញារីទ្ធ​ និងលោកជំ​ទាវ​ ចែកកង់ប្រមាណ៤០០គ្រឿងដល់កុមារកំព្រាក្រីក្រនៅស្ទឹងមានជ័យ

វិទ្យុជាតិដោយអ៊ឹមភិរក្សនារីរតន: ៖

ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវបានចែកកង់ប្រមាណ៤០០គ្រឿងដល់កុមារកំព្រាក្រីក្រនៅអង្គការលើកស្ទួយប្រជាពលរដ្ឋស្ទឹងមានជ័យដើម្បីបង្កលក្ខណៈងាយស្រួលដល់កុមារទំាងនេះបានធ្វើដំណើរទៅសាលារៀនមានភាពលឿនរហ័ស។

  ថ្លែងក្នុងពិធីសំណេះសំណាលនិងចែកកង់ដល់កុមារកំព្រាក្នុងអង្គការលើកស្ទួយប្រជាពលរដ្ឋស្ទឹងមានជ័យនៅព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩ឯកឧត្តមខៀវកាញារីទ្ឋរដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ការផ្តល់កង់សម្រាប់កុមារទំាងនេះគឺជាការដោះស្រាយមធ្យោបាយសម្រាប់ធ្វើដំណើររបស់សិស្សានុសិស្សទំាងនេះអោយមានមធ្យោបាយធ្វើដំណើរងាយស្រួលហើយអាចទៅសាលារៀនអោយទៀតទាត់។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាពិសេសអំពីបញ្ហាសុខទុក្ខនិងការរស់នៅរបស់កុមារកំពា្រដែលរងគ្រោះនិងងាយរងគ្រោះដើម្បីឲ្យមានសិទ្ធិសេរីភាពទទួលបានការការពារនិងទទួលបានឱកាសស្មើគ្នាក្នុងការរស់នៅរៀនសូត្រនិងការអភិវឌ្ឍខ្លួនឲ្យក្លាយជាកុមារដែលមានអនាគតល្អដូចកុមារដទៃទៀត។

ឯកឧត្តមបានបន្តថា  រាជរដ្ឋាភិបាលចាំបាច់ណាស់ត្រូវតែបង្កើនកិច្ចគាំពារដល់កុមារទំាងអស់នៅកម្ពុជាអោយក្លាយជាធនធានប្រកបដោយសក្តានុពលព្រោះពួកគេគឺជាទំពាំងស្នងប្ញស្សីក្នុងការចូលរួមអភិវឌ្ឍកសាងប្រទេសជាតិនាពេលអនាគត។

ឯកឧត្តមបានលើកទឹកចិត្តដល់កុមារទំាងអស់នោះឲ្យខិតខំរៀនសូត្រដើម្បីមានចំណេះដឹងនិងសមត្ថភាពពេញលេញដែលអាចស្វែងរកឱកាសការងារល្អៗហើយអាចឈានទៅអភិវឌ្ឍន៍ជីវភាពក្នុងក្រុមគ្រួសារកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះកុមារកំព្រានិងកុមារក្រីក្រដែលរស់នៅក្នុងមណ្ឌលអង្គការលើកស្ទួយប្រជាពលរដ្ឋស្ទឹងមានជ័យមានចំនួន៣៥០នាក់នៃចំនួនសិស្សានុសិស្សសរុប១២៧៥នាក់  ក្នុងនោះស្រីសរុប៦០៦នាក់នៅក្នុងឱកាសនោះដែរក្រៅពីការផ្តល់កង់ឯកឧត្តមខៀវកាញារីទ្ធរួមទំាងមន្រ្តីរាជក្រោមឱវាទបានផ្តល់ថវិកាចំនួន១លាន៥សែនរៀលនិងប្រាក់ដុល្លាចំនួន៩០០ដុល្លា  ផ្តល់សម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដល់អង្គការនោះផងដែរដើម្បីជួយទ្រទ្រង់ដល់ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កុមារទំាងកំព្រាក្រីក្រទំាងអស់នោះ៕