កសិករ នៅ ស្រុកក្រូចឆ្មារ លក់ផ្លែក្រូចថ្លុង តម្លៃពី៥ម៉ឺនទៅ៨ម៉ឺនរៀលក្នុង១ឡូ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហោ សេងគ្រី៖

អ្នកស្រី ទ្រី មួយស៊ីង កសិករដាំដុះក្រូចថ្លុង បានឲ្យដឹងថា អ្នកស្រីបានដាំពូជក្រូចថ្លុង៣ប្រភេទ នៅ លើផ្ទៃដី ១ហិកតា មានដូច ជា ពូជផ្អែមទន់ ពូជផ្អែមស្រួយ មានរសជាតិផ្អែមឆ្ងាញ់ និងពូជយកពីកោះទ្រុង ខេត្តក្រចេះ ដែលដាំដុះបាន៨ឆ្នាំមកហើយ ហើយក្រូចចាប់ផ្តើមឲ្យផលជាបណ្តើរៗហើយ ។ អ្នកស្រី បានរៀបរាប់ទៀតថា ក្រូច ថ្លុងនៅកោះពីរ នេះ ប្រមូលផលចាប់ផ្តើមពីខែមេសា ដល់ខែកញ្ញា ។ ជាទូទៅ ក្នុង១ដើម ក្រូចថ្លុងរបស់គាត់មានផ្លែចាប់ពី១០ ទៅ២០ឡូ ហើយ លក់ តម្លៃពី៥ម៉ឺនទៅ៨ម៉ឺនរៀលក្នុង១ឡូ តែបើលក់ថ្លឹងវិញ គឺក្នុង១គីឡូក្រាមតម្លៃពី ៨ពាន់ទៅ១ម៉ឺនរៀល ទីផ្សារស្រួលលក់ ។ក្រូចថ្លុងមានអ្នកទិញហូបជាលក្ខណៈគ្រួសារ និងអ្នកទិញយកទៅលក់ ដោយពួកគេទៅដល់ចំការតែម្តង ។


លោក ខូវ អ៊ មេឃុំ កោះពីរស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានអោយដឹថា កោះនេះ មាន ផ្ទៃដី ១ ០៧៧ហិកតា ចែកជា ៤ភូមិ មាន ភូមិកោះត្រែង ភូមិបីពៃ ភូមិជួរកណ្តាល និងភូមិម៉ឺនងន់ មានប្រជាពលរដ្ឋ ចំនួន ៦៣៧គ្រួសារ ដែលពីមុនសម្បូរទៅដោយដើមឫស្សី និងដើមគរ ។ ក្រោយមកដោយការដាំក្រូចថ្លុង មានការលូត លាស់ល្អ និងមានរសជាតិផ្អែមព្រមទាំងមានការចាប់អារម្មណ៍ពីសាធារណជនផងនោះ ប្រជាជនក្នុងភូមិខាងលើ បានកាប់ឫស្សី រួចចាក់ដីបន្ថែម ដើម្បីដាំដំណាំក្រូច ថ្លុង លើផ្ទៃដីប្រមាណ ៣០ហិកតា ហើយកំពុងប្រមូលផលប្រមាណ ១០ហិកតា ជាបណ្តើរៗហើយ ។ លោកបន្តថា នៅលើកោះនេះ មានដំណាំចម្បងតែ ៣ប្រភេទប៉ុណ្ណោះ គឺ ឬស្សី គរ និងក្រូច ថ្លុង ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំ និងផ្តល់បច្ចេកទេសជូនដល់កសិករថា -ត្រូវតាក់តែងមែក ដើម្បីឲ្យពន្លឺថ្ងៃចូលបានគ្រប់គ្រាន់ ទប់ស្កាត់ជំងឺនិងសត្វល្អិតបំផ្លាញដំណាំ និងធ្វើឲ្យផ្លែមានទំហំស្របតាមស្តង់ដារ។ -ជាមួយគ្នានេះ ត្រូវចងក្រងជាក្រុម ឫសហគមន៍កសិកម្ម ដាំដុះតាមបច្ចេកទេស មានស្តង់ដារសុវត្ថិភាពច្បាស់ លាស់ ដែលមានតម្រូវការទីផ្សារខ្ពស់ និងផ្សាភ្ជាប់ទីផ្សារតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា -ប្រើប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី កាត់បន្ថយពេលវេលានិងកម្លាំងពលកម្ម ។ជាងនេះទៀតត្រូវបង្កើតស្លាកសញ្ញាសម្គាល់សម្រាប់ក្រូចថ្លុងនេះ -ត្រូវចលនាមានសកម្មភាពកែច្នៃ ឬស្សី និង ដើមគរ ជាវត្ថុប្រើប្រាស់ផ្សេងៗ បង្កើតការងារនិងបង្កើនចំណូលម្ចាស់ស្រុក ។
ឃុំកោះពីរ ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខភ្នំហាន់ជ័យ ស្រុកកំពង់សៀម និងទល់មុខឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ជា តំបន់កសិទេសចរណ៍ ដែលមានខ្យល់បរិសុទ្ធ លើឆ្នេរខ្សាច់លឿងខ្ចី ជាមួយទឹកទន្លេថ្លាយង់ មានទេសភាពល្អគន់ ក្រោមម្លប់ក្រូចថ្លុងប្រកបដោយផាសុខភាពនិងរសជាតិផ្អែមស្រទន់ ៕