ក្រសួងសុខាភិបាលបង្កើនការព្យាបាលអ្នកជំងឺគ្រប់ប្រភេទប្រកបដោយសមធម៌

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ធីណា ឌីណេ
ភ្នំពេញ៖ក្រសួងសុខាភិបាលបង្កើនការកែលម្អគុណភាពព្យាបាលអ្នកជំងឺគ្រប់ភេទទំាងអ្នកកាន់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថាបសស ប័ណ្ណក្រីក្រ និងអ្នកបង់លុយប្រកបដោយគុណធម៌និងសមធម៌ដើម្បីធានាការព្យាបាលជូនដល់អ្នកជំងឺមានប្រសិទ្ធិភាពឆាប់ជាសះស្បើយពីជម្ងឺ។
ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបាន មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ ក្នុងការផ្ដល់សេវាឲ្យល្អប្រសើរ និងកែសម្រួលទៅលើចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ និវត្តន៍ជន៍ ជនក្រីករ និងកម្មករ កម្មការិនីកាន់តែប្រសើរពីមួយឆ្នាំទៅមួយ ឆ្នាំ។ ឯកឧត្តមបានអះអាងថា រហូតមកទល់ពេលនេះ បុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យ បានផ្លាស់ប្តូរឥរិយាបថដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅពេលដែលមកទទួលសេវាកាន់តែមានភាព កក់ក្តៅ ហើយមានភាពជឿទុកចិត្តលើសេវាព្យាបាលរបស់រដ្ឋ។ ឯកឧត្តមបានអះអាងថា ចំពោះ អ្នកជំងឺដែលកាន់ប័ណ្ណ ប.ស.ស ឬប័ណ្ណក្រីក្រ គឺទទួលបានការព្យាបាលប្រកបដោយភាពរាក់ ទាក់ និងកក់ក្តៅជាទីបំផុត ពោលគឺគ្មានការរើសអើងទុកអ្នកជំងឺណាម្នាក់ចោលដោយគ្មានការ ព្យាបាលឡើយ។
សំឡេង៖ «បងប្អូនប្រជាពលរដ្ឋនិងអ្នក បម្រើការងារនៅគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវសហការគ្នាអោយបានល្អ និងមានការទំនាក់ទំនងគ្នា ក្នុងការផ្ដល់សេវាឲ្យបានល្អប្រសើរ ។ហើយនេះគឺជាវប្បធម៌មួយដើម្បីទៅចែកគ្នានូវរាល់ចំណុចខ្វះខាត ការខុសឆ្គង ដើម្បីជួយកែលម្អនិងគ្នាទៅវិញទៅមក ហើយថ្នាក់ដឹកនាំរបស់ក្រសួង ក៏បានយកចិត្តទុកដាក់នៅគ្រប់មន្ទីរពេទ្យ ដោយអ្នកទទួលសេវាត្រូវផ្ដល់ឲ្យពួកគាត់ពេញចិត្តពេញថ្លើមសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេស កម្មការិនី និងមន្ត្រីរាជការ »។
កញ្ញា ដា រីណែត មកពីខេត្តត្បូងឃ្មុំ បានយកម្ដាយមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ឬហៅមន្ទីរពេទ្យលោកសង្ឃ បានឲ្យដឹងដែរថា ម្តាយរបស់ខ្លួនមានជំងឺ គ្រួសក្នុងតម្រងនោមនិងមានទឹកដក់ក្នុងគ្រលានបានមកទទួលសេវាព្យាបាល ដោយប្រើប័ណ្ណសមធម៌ គឺមានភាពងាយស្រួលហើយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
កញ្ញាបានអះអាងថា ការផ្តល់ប័ណ្ណសមធម៌ដល់ប្រជាពលរដ្ឋក្រីក្រនេះពិតជាមានសារៈ សំខាន់ណាស់ដែលបានកាត់បន្ថយការចំណាយថៃ្លព្យាបាលរបស់ប្រជាពលរដ្ឋ ខណៈដែលប្រ ជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត។
សំឡេង៖ «នៅពេលដែលប្រើប័ណ្ណក្រីក្រគឺមិនមានការគិតថ្លៃ ហើយក្រុមគ្រូពេទ្យ គេមើលថាយើងដិតដល់ដូចតែគ្នាហ្នឹង អ្នកប្រើលុយនិងអ្នកមិនប្រើលុយដូចតែគ្នាហ្នឹង ព្រោះលឿនសឹងអី ហើយខ្ញុំមកពេទ្យហ្នឹង ព្រោះធ្លាប់យកម៉ាក់មកមើល ហើយនៅពេលដែលយកគាត់មកមើល គ្មានពិបាកទេគ្រាន់តែធ្វើឯកសារ ធ្វើអីទៅ ពេទ្យគេមើលយើងដិត មិនថាយើងប្រើប័ណ្ណក្រីក្រ និងប្រើលុយទេ ហើយរាល់ថ្ងៃចាត់ទុកថា វាធូស្រាលម្យ៉ាងដែរ នៅពេលដែលយើងមកពេទ្យអញ្ចឹង យើងខ្វះខាតលុយអីក៏មិនសូវជាបញ្ហាគ្រួសារខ្ញុំដែល»។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.)តំាងពីឆ្នាំ២០០៨មក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិក មន្រ្តីរាជការ ជនក្រីក្រ និងនិវត្តន៍ជនឲ្យទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ជាង១៣០០ មន្ទីពេទ្យ នៅទូទំាងប្រទេស៕