ប.ស.ស.ផ្តល់ប័ណ្ណជិត៣០០ប័ណ្ណដល់មន្ត្រីរាជការខណ្ឌមានជ័យ រាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.ស. បានផ្តល់ប័ណ្ណសមាជិកជិត៣០០ប័ណ្ណដល់មន្ត្រីរាជការខណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់សម្រាប់ជាអត្ថប្រយោជន៍ផ្នែកហានិភ័យការងារនិងនិងការព្យាបាលជម្ងឺដោយមិនគិតថ្លៃនៅមន្ទីរពេទ្យ ដែលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.

ថ្លែងក្នុងពិធីចែកប័ណ្ណសមាជិកប.ស.ស.ដល់មន្ត្រីរាជការខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ការទទួលបានប័ណ្ណសមាជិកប.ស.ស.នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការពិនិត្យព្យាបាលជម្ងឺដោយគ្មានការបង់ប្រាក់ និងជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាភាពរបស់មន្ត្រីរាជការឲ្យកាន់តែប្រសើរ ហើយថែមទំាងជួយកាត់បន្ថយភាពក្រីក្រផងដែរ ។

លោកបានបញ្ជាក់ថា សេវាបេឡាជាតិរបបសន្តិសុខសង្គម គឺអនុវត្តនៅតាមមន្ទីរពេទ្យរបស់រដ្ឋនិងពេទ្យឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយប.ស.ស. ហើយមន្ត្រីរាជការអាចប្រើប្រាស់ប័ណ្ណនេះ សម្រាប់ទៅរកសេវាពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពទៅតាមតម្រូវការជាក់ស្តែង។

សូមបញ្ចាក់ថា ការផ្ដល់ប័ណ្ណសមាជិក ប.ស.ស.ជូនដល់មន្ត្រីរាជការខណ្ឌមានជ័យមានចំនួនសរុប២៩០នាក់ ក្នុងនោះរួមមាន ៖ មន្ត្រីសាលាខណ្ឌ ចំនួន ៣០នាក់ មន្ត្រីសាលាសង្កាត់ចំនួន៧៧នាក់ និងមេភូមិ អនុភូមិ និងសមាជិកភូមិ ចំនួន ១៨៣នាក់៕