នាយករដ្ឋមន្ត្រីវៀតណាម ទទួលភ្ញៀវ ឡាវ និងកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា  ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលបដិសណ្ឋារកិច្ចនៅ​ទីក្រុង​ហាណូយកាលពីថ្ងៃទី០២ ខែឧសភា ចំពោះគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេស​កម្ពុជា​និងឡាវ ដែលកំពុងមានវត្តមាននៅវៀតណាម ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតប្រធានា​ធិបតីលោក ឡេ ឌឹក អាញ់ (Le Duc Anh)។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំគណៈប្រតិភូកម្ពុជាបានសម្តែងនូវការសោកស្តាយ នឹងចូលរួមរំលែកទុក្ខយ៉ាង​ជ្រាល​ជ្រៅចំពោះការស្លាប់របស់អតីតប្រធានាធិបតីរូបនេះ។

នាយករដ្ឋមន្ត្រីកម្ពុជាបានពណ៌នាថា លោកឧត្តមសេនីយ៍ ឡេ ឌឹក អាញ់ ជាមិត្តភក្តិជិត​ស្និទ្ធ ​និងជាមិត្តរួមចំណែកក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩។

ជាថ្មីម្តងទៀតលោកបានថ្លែងអំណរគុណដល់បក្សរដ្ឋ និងរដ្ឋាភិបាលវៀតណាម​ ព្រម​ទាំង​ឧត្តមសេនីយ៍ ឡេ ឌឹក អាញ់ ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា នឹងជួយប្រទេស​ជាតិ​កសាងកងទ័ពដោយកងកម្លាំងទាំងបី។

ប្រមុខគណៈប្រតិភូឡាវ សមាជិកការិយាល័យនយោបាយបក្សបដិវត្តន៍ប្រជាជនឡាវ និង​ប្រធានរណសិរ្សស្ថាបនាជាតិឡាវ (LFNC) បានថ្លែងសុន្ទរកថា Saysomphone Phomvihane បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ​ពីបក្សប្រជាធិបតេយ្យឡាវ រដ្ឋសភា​ជាតិនិង LFNC ចំពោះសមភាគីវៀតណាមរបស់ខ្លួនចំពោះការស្លាប់របស់អតីតប្រធានាធិបតី។

លោកបានកោតសរសើរ ក្នុងការរួមចំណែកដ៏មានតម្លៃរបស់លោកឧត្តមសេនីយ៍ ឡេ ឌឹក អាញ់ ចំពោះបុព្វហេតុបដិវត្តន៍វៀតណាម និងមិត្តភាពជាប្រពៃណីវៀតណាម-ឡាវ​ ​ពិសេស​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ។

ក្នុងនាមបក្ស រដ្ឋរដ្ឋាភិបាល និងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រីលោក Phuc បាន​ថ្លែងអំណរគុណដល់មេដឹកនាំកម្ពុជា និងឡាវ ចំពោះការបង្ហាញការអាណិតអាសូរ និង​ការ​បញ្ជូនគណៈប្រតិភូទៅប្រទេសវៀតណាម​ ក្នុងការចូលរួមពិធីបុណ្យសពរបស់​ឧត្តម​សេនីយ៍​​ ឡេ ឌឹក អាញ់។

លោកនាយករដ្ឋមន្ត្រីបានយកឱកាសនេះ រំលឹកឡើងវិញពីសារៈសំខាន់ដែល​វៀត​ណាម​បានភ្ជាប់ទំនាក់ទំនងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយប្រទេស​កម្ពុជា និងមិត្តភាពប្រពៃណី​ ពិសេសសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយ​ប្រទេសឡាវ។

លោកបានចែករំលែកនូវការប្តេជ្ញាចិត្តរបស់ភ្ញៀវ ដើម្បីធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា និងវៀតណាម-ឡាវ។ ឧត្តមសេនីយ៍ ឡេ ឌឹក អាញ់​ ដែលបានបម្រើការជាប្រធានាធិបតីវៀតណាម​ចាប់ពីខែ​កញ្ញា ឆ្នាំ ១៩៩២ ដល់ខែធ្នូ ឆ្នាំ ១៩៩៧ ហើយបានទទួលមរណៈភាពនៅថ្ងៃទី២២ ខែមេសា កន្លងទៅនេះ ក្នុងអាយុ ៩៩ ឆ្នាំ។ វៀតណាមបានប្រកាសការកាន់ទុក្ខថ្នាក់ជាតិ សម្រាប់អតីតប្រធានាធិបតីនៅថ្ងៃទី០៣ និងទី០៤ ខែឧសភា៕

( ប្រភព VNA:  បកប្រែដោយលោក មាស សំអុល )