អ្នកនយោបាយរបស់បក្សប្រឆំាងក្នុងប្រទេសវ៉េនេស្វេឡាត្រូវប្រឈមមុខនឹងដីកាចាប់ខ្លួន​

វ៉េនេស្វេឡា៖ អ្នកនយោបាយមួយរូបរបស់បក្សប្រឆំាងក្នុងប្រទេសវ៉េនេស្វេឡា លោក ឡេអូប៉ុលដូ ឡូប៉េដែលបានរត់គេចពីការចាប់ខ្លួនទៅជ្រកកោនក្នុងនិវេសនដ្ឋានទូតរបស់ប្រទេសអេស្បាញបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា គាត់បានជួបជាមួយមន្ត្រីក្រសួងការពារជាតិមុនពេលមានការបះបោរដែលមិនបានទទួលជោគជ័យ ដើម្បីទម្លាក់ប្រធានាធិបតី លោក នីកូឡាសម៉ាឌួរ៉ូ ក្នុងសប្តាហ៍នេះ ។

ប៉ុន្តែក្នុងពេលថ្លែងតាមទូរទស្សន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី លោក នីកូឡាស ម៉ាឌួរ៉ូហាក់ដូចជាចង់បង្ហាញថា ក្រុមយោធាប្រកាន់ជំហរនៅខាងគាត់ជានិច្ចដោយគាត់បានបង្ហាញរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពអង្គុយនៅជិតគាត់តាមកញ្ចក់ទូរទស្សន៍ដែរ ។

ការងើបបះបោរនាព្រឹកព្រលឹមថ្ងៃអង្គារ ដែលជំរុញដោយមេបក្សប្រឆំាង លោក វ៉ាន វ៉ាយដូត្រូវបរាជ័យ នៅពេលដែលកងកម្លំាងដែលស្មោះជាមួយនឹងប្រធានាធិបតី លោក នីកូឡាស ម៉ាឌួរ៉ូបានបង្ក្រាបទៅវិញ ។​

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៣.០៥.១៩)