អាជ្ញាធរខេត្តសៀមរាប​អះអាងថា ​ប្រជា​ពលរដ្ឋ​ចំនួន៦  ស្រុក ក្រុង ​កំពុងខ្វះទឹកប្រើប្រាស់

AKP សៀមរាប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — លោក លី​ សំរិទ្ធ​ អភិបាល​រង​ខេត្ត​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃទី​០២ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះថា ដោ​យ​សារ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​បាន​ធ្វើ​ឱ្យ​ទឹក​នៅ​តាម​ត្រពាំង​បឹង​បួរតូច​បាន​រី​ង​ហួត​ទឹក​អស់​​ ហើយ​ឥឡូវ​នេះ​អណ្តូងទឹកដែល​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​មួយចំនួននៅ​ក្នុង​បណ្តាស្រុក​-ក្រុងចំនួន៦​ រួមមាន៖ ក្រុងសៀមរាប ស្រុក ជីក្រែង ស្រុកសូទ្រនិគម ស្រុកវ៉ារិន ស្រុកពួក និងស្រុកក្រឡាញ់ បាន​កំពុងរីងទឹក​អស់​ បូមដោយម៉ូទ័រ ក៏មិនចេញ ដែល​ជា​បញ្ហាធ្វើ​ឱ្យ​ប្រជាពលរដ្ឋទាំង​នោះកង្វះទឹក​ប្រើប្រាស់។

ប៉ុន្តែលោកបញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ទាំង​នោះ​មិន​ដាច់​ទឹក​ប្រើ​ប្រាស់​នៅ​ទេ ដោយ​សារ​នៅ​តាម​ត្រពាំង​ធំ​ៗនៅ​មាន​ទឹក​គ្រប់គ្រាន់ដែល​អា​ច​ផ្គត់​ផ្គង់​ដល់​ពួក​គាត់​បាន គ្រាន់​តែ​ត្រពាំង​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​លំនៅ​ឋាន​របស់​ពួក​គាត់​បន្តិច​ ដែល​ចាំបាច់​ឱ្យ​ពួក​គាត់​ត្រូវ​ដឹក​ជញ្ជូន។ ជាមួយគ្នានេះអាជ្ញាធរក៏បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដែរ​ក្នុង​ការ​ដឹក​ទឹក​ជូន​ពួក​គាត់​នៅ​ពេល​ដែល​ពួកគាត់​អស់​លទ្ធភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ទឹក​មក​ប្រើប្រាស់ដោយ​ខ្លួន​ឯង។

លោក ងិ សុគា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិគោគចាន់ ឃុំល្វាក្រាំង បានលើក ឡើងថា  ដោយសារតែការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ រូបគាត់ក៏ដូចជាអ្នកភូមិ បានទៅដឹកទឹកពី កន្លែងឆ្ងាយៗហើយត្រូវប្រឹងយួរប៊ីដុងដាក់ទឹកចំណុះ៣០លីត្រពីក្នុងស្រះឡើងមកមាត់ស្រះ។

លោកថា ដោយសារប្រឹងដងទឹកខ្លាំងលោកបានធ្លាក់ខ្លួនឈឺដើមទ្រូង មិនអាចចុះទៅ ដងទឹកពីក្នុងស្រះបាន។ ចំណែកអ្នកភូមិដទៃទៀតក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ក៏បានអះអាងប្រហាក់ប្រហែលគ្នាដែរថា កង្វះទឹកស្អាតនៅរដូវប្រាំងនេះ បានធ្វើឱ្យពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រ ជួបប្រទះបញ្ហាលំបាកក្នុងការរស់នៅប្រចាំថ្ងៃជាខ្លាំង។ ប្រជាពល រដ្ឋបានអះអាងថា ក្នុងស្រុកភូមិពួកគាត់ ជាកន្លែងដែលខ្វះប្រភពទឹកក្រោមដី បើទោះជាពួក គាត់ចង់បុកអណ្តូងស្នប់ក៏ពុំមានលទ្ធភាពដែរ ព្រោះការជីកអណ្តូងស្នប់មួយត្រូវចំណាយ មិនក្រោម១០០០ដុល្លារនោះទេ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ ឬសប្បុរសជន ជួយជីកអណ្តូង ជម្រៅជ្រៅដើម្បីឱ្យ ពួកគាត់មានទឹកប្រើប្រាស់សម្រាប់ឆ្នាំក្រោយទៀត៕

ដោយ ឃុត សៅ