ក្រសួងព័ត៌មានស្នើក្រសួងឧស្សាហកម្មពិនិត្យសំណើសុំដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 02.05.19
ភ្នំពេញ ៖ ក្រសួងព័ត៌មានស្នើទៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិនិត្យនូវសំណើសុំដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង ដើម្បីដាស់តឿនអ្នកផឹកពីគ្រោះថ្នាក់ផ្សេងៗ ពិសេសគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង នឹងជួយពញ្ញាក់អារម្មណ៍អ្នកសេបគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន និងអ្នកដទៃ ។
លិខិតរបស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើជូនឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ក្រសួងព័ត៌មានបានប្រជុំពិភាក្សាជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីពិនិត្យអំពីផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការទទួលទានគ្រឿងស្រវឹងហួសប្រមាណ ដោយខ្វះការទទួលខុសត្រូវ ដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះបានស្នើឲ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ឲ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅស្រុកទាំងអស់ ដាក់សារព្រមាននៅលើសំបកកំប៉ុង និងសំបកផលិតផលគ្រឿងស្រវឹង «ពិសារគ្រឿងស្រវឹងសូមកុំបើកបរ» ដែលជួយពញ្ញាក់អារម្មណ៍អ្នកសេបគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ជៀសវាងការទទួលទានហួសប្រមាណ ធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងបង្កគ្រោះថ្នាក់ចរាចរណ៍ ៕