ពួកសកម្មប្រយុទ្ធតាលីបង់៤២នាក់ដែលមានមេបញ្ជាការក្នុងស្រុក៣នាក់ផងស្លាប់ ក្នុងការវាយប្រហារពីអាកាសនៅអាហ្វហ្គានីស្ថានខាងកើត

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — មន្ត្រីមួយរូបបាននិយាយពីថ្ងៃពុធថា ពួកសកម្មប្រយុទ្ធជាង៤០នាក់ ដែលស្មោះត្រង់នឹងក្រុមតាលី បង់ដែលរួមមានទាំងមេបញ្ជាការក្នុងស្រុករបស់ពួកគេ៣នាក់ផងបានស្លាប់ បន្ទាប់ពីការធ្វើប្រតិបត្តិការរួមគ្នារបស់កងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមចម្រុះបរទេសនៅក្នុងខេត្តហ្គាស្នី ប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត ។

អ្នកនាំពាក្យអភិបាលខេត្តលោកអារ៉េហ្វនួរី បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីហួថា ប្រតិបត្តិការនៅលើអាកាសសនិងនៅលើដី ដែលធ្វើឡើងដោយកងកម្លាំងរួមអាហ្វហ្គានីស្ថាននិងក្រុមចម្រុះក្នុងពេល២៤ម៉ោងទៅនេះ បានធ្វើឱ្យពួកយុទ្ធជន៤២នាក់ ស្លាប់នឹងរបួស៦នាក់ទៀត នៅក្នុងស្រុក Giro Andar Deyakand Ab Ban របស់ខេត្តនេះ ។
អ្នកនាំពាក្យនោះបាននិយាយថា មេបញ្ជាការក្នុងស្រុក៣នាក់របស់ពួកសកម្មប្រយុទ្ធឈ្មោះ Obaida , Shuaib និង Omari គឺស្ថិតនៅក្នុងចំណោមអ្នកដែលស្លាប់នេះ ។

តាមប្រភពនេះឱ្យដឹងថា គ្រឿងអាវុធនិងគ្រាប់រំសេវក៏ដូចជារថយន្ត២គ្រឿង និងម៉ូតូ២គ្រឿងត្រូវគេរឹបអូសយកបានពីពួកឧទ្ទាមក្នុងអំឡុងការវាយឆ្មក់នេះ ។ ពួកតាលីបង់មិនបានធ្វើអត្ថាធិប្បាយ ស្តីពីឧប្បត្តិហេតុនេះ នៅឡើយទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)