នាយករដ្ឋមន្ត្រីអំពាវនាវដល់ក្រុមហ៊ុនកូរ៉េខាងត្បូងឱ្យចូលរួម ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកូវ៉ែត

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ==នាយករដ្ឋមន្រ្តីលោក Lee Nak-yon បានអំពាវនាវដល់ប្រទេសកូវ៉ែតអនុញ្ញាតឱ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូងបន្ថែមទៀតចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុងប្រទេសមជ្ឈិម​បូព៌ា​មួយនេះ អំឡុងពេលកិច្ចចរចាមួយជាមួយសមភាគីកូវ៉ែត។

លោក លី បានចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសកូវ៉ែត កូឡុំប៊ី និងអេក្វាឌ័រ​កាលពីថ្ងៃ​អង្គារ ដែលធ្វើជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីពង្រីកការទូតជាមួយ​មជ្ឈិម​បូព៌ា និងអាម៉េរិក កណ្តាល និងខាងត្បូង។

ការិយាល័យរបស់លោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក លី បានជួប​ជា​មួយ​​លោក Jaber Al-Mubarak Al-Hamad Al-Sabah នាយករដ្ឋមន្ត្រីកូវ៉ែត​កាលពីថ្ងៃពុធ​ នៅក្នុងទីក្រុងកូវ៉ែត ដើម្បីពិភាក្សាពីវិធីសាស្រ្តនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។

លោកបានស្នើឱ្យកូវ៉ែតអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង ចូលរួមគម្រោងហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗនៅទីនោះ រួមទាំងការសាងសង់រោងចក្រចម្រាញ់ប្រេង និងរុក្ខជាតិសម្អាតនៅ​ Al Zour  និងគម្រោងកែលម្អកំពង់ផែមួយនៅ Mubarak Al-Kabeer ។

លោក លី បាននិយាយថា ក្រុមហ៊ុនកូរ៉េជាច្រើនមានចំណាប់អារម្មណ៍ចូលរួមក្នុង​គម្រោងកំពង់ផែនេះ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនកូរ៉េខាងត្បូងអាចមានឱកាសចូលរួមក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធនេះ នៅក្នុងប្រទេសកូវ៉ែត។

នាយករដ្ឋមន្រ្តីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា(MOUs) ចំនួនប្រាំបី ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការ រួមទាំងលិខិតនៃចេតនាសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ​ថែទាំសុខភាព។

លោក លី ក៏បានទទួលការគួរសមផងដែរ ចំពោះលោក Emir Sabah Al-Ahmad Al-Jaber Al-Sabah របស់កូវ៉ែត​ នឹងបានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់កូវ៉ែត​ចំពោះ​កិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់កូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េ៕( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )