ប្រធានាធិបតីចិនអបអរសាទរព្រះចៅអធិរាជថ្មីជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — ប្រធានាធិបតីចិន លោក ស៊ី ជីន ពីង កាលពីថ្ងៃពុធនេះ បានអបអរសាទរព្រះចៅអធិរាជថ្មី ណារូហ៊ីតូ ( Naruhito ) របស់ប្រទេសជប៉ុនក្នុងការឡើងគ្រងរាជស្នងរបស់ព្រះអង្គ ។

នៅក្នុងសារអបអរសាទរមួយ លោក ស៊ី បាននិយាយថា ចិននិងជប៉ុន គឺជាអ្នកនៅជិតខាងគ្នាយ៉ាងជិតស្និទ្ធ ដែលមានប្រវត្តិសាស្ត្រយូរអង្វែងមួយ ។ លោកបាននិយាយបន្ថែមថា ប្រទេសទាំងពីរគួរធ្វើកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងធ្វើការឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយសម្រាប់ចំណងទាក់ទងទ្វេភាគី ។

ក៏កាលពីថ្ងៃពុធនេះផងដែរ លោក ស៊ី បានពាំនាំនូវវន្ទនាការនិងពរសព្ទសាធុ ការថ្វាយព្រះចៅ អធិរាជអាគីហ៊ីតូ បិតារបស់ព្រះចៅអធិរាជថ្មី នៅក្នុងសារដាច់ដោយឡែកមួយ បន្ទាប់ពីការដាក់រាជ្យរបស់ ព្រះអង្គ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)