ក្រសួងព័ត៌មានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយផ្អាកការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃវិសាខបូជា និងមាឃបូជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា៖


ក្រសួងព័ត៌មាន ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ផ្អាកការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃបុណ្យវិសាខបូជា និងមាឃបូជា ដែលត្រូវបានចាត់ទុកជាថ្ងៃដ៏ សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ ដែលប្រតិបត្តិនូវជំនឿរបស់ព្រះពុទ្ធ។
សេចក្តីជូនដំណឹងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះថ្ងៃទី៣០ ខែមេសា បានបញ្ជាក់ថា ការផ្អាកការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃបុណ្យជាតិទាំងពីរនេះ គឺដើម្បីឲ្យប៉ះពាល់ដល់វិស័យសាសនារបស់រដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ពិធីបុណ្យវិសាខបូជា និងមាឃបូជា គឺជាថ្ងៃដែល រាជរដ្ឋភិបាលបានកំណត់ថា ជាថ្ងៃបុណ្យជាតិ និងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ ព្រះសម្មាសម្ពុទ្ធប្រសូត ត្រាស់ដឹង និងការចូលនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ។ ចំណែពិធីបុណ្យមាឃបូជា ប្រារព្ធឡើងក្នុងន័យរំឭកដល់ថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាស បង្កើតព្រះពុទ្ធសាសនាក្នុងលោក នៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គត្រាស់ដឹងចំនួន៩ខែគត់ ។
ឯកឧត្តម បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការអនុវត្ត និងផ្សព្វផ្សាយពីការហាមឃាត់ចំពោះការពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃទាំងពីរនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តខុស ដែលធ្វើឲ្យប៉ះពាល់ដល់សាសនារបស់រដ្ឋ៕