ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងថាកម្ពុជាពុំបានផ្តេកផ្តួលទៅលើជំនួយរបស់ចិនមួយ មុខនោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងថា កម្ពុជាពុំបានផ្តេកផ្តួលទៅលើជំនួយ របស់ចិនមួយមុខ នោះទេ គឺទទួលយកពីគ្រប់ប្រទេសទំាងអស់ ដើម្បីចូលរួមកសាងជាតិ អោយកាន់តែរីកចំរើន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកគោលនយោបាយដឹកនាំការទូតរបស់ប្រមុខរាជរដ្ឋាភិបាលកុំពុងដើរលើផ្លូវត្រូវដោយមិនចូលបក្សសម្ព័ន្ធឬផ្តេកផ្តួលទៅលើប្រទេសណាមួយឡើយ ដែលធ្វើកម្ពុជាមានសុខសន្តិភាព និងអធិបតេយ្យភាព។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីការឆ្លងឆ្លើយគ្នារវាងស្ថានទូតសហរដ្ឋអាមេរិកនិងចិននៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសានេះ ឯកឧត្តម បណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនៅតែឈរលើផ្លូវកណ្តាលដោយស្វាគមន៍ទទួល យក ជំនួយពីគ្រប់ភាគីនិងគ្រប់ប្រទេសទំាងអស់មិនប្រកាន់និន្នាការឡើយប៉ុន្តែជំនួយនោះត្រូវតែគោរពទៅតាមអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម ការឈរលើផ្លូវកណ្តាលនេះដោយសារតែទោះជាប្រ ទេសមហាអំណាចណា មួយមានវិបត្តិក៏ដោយក៏កម្ពុជានៅតែឈរដោយខ្លួនឯងបាន។
ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះគឺដើម្បីបំភ្លឺដល់សាធារណជន បានយល់ពីការដឹកនាំនយោបាយការបរទេសរបស់កម្ពុជា ខណៈស្ថានទូតនៃប្រទេស មហាអំណាចចំនួន២នៅកម្ពុជា គឺសហរដ្ឋអាមេរិក និងចិន បានឆ្លើយឆ្លងគ្នាពីឥទ្ធិពលរបស់ខ្លួន ក្នុងទំនាក់ទំនងជាមួយកម្ពុជា។
ឯកឧត្តមសុខ ទូចបានបញ្ជាក់ថា ជំនួយរបស់ចិនដែលផ្តល់មកកម្ពុជាគឺពុំដែលភ្ជាប់លក្ខខណ្ឌ ឬ ចំណងឡើយហើយជំនួយទំាងនោះបានជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចំរើន ដូចជាផ្នែកសេដ្ឋកិច្ច ការ អភិវឌ្ឍផ្លូវ ស្ពាន ថ្នល់ និងអគារខ្ពស់ជាដើម។
ផ្ទុយទៅវិញឯកឧត្តមបានអះអាងថា សម្រាប់ជំនួយ សហរដ្ឋអាមេរិកដែលផ្តល់ មកអោយ កម្ពុជាវិញគឺតែងតែភ្ជាប់ជាមួយនឹងលក្ខខណ្ឌហើយលក្ខខណ្ឌ បានប៉ៈពាល់ដល់អធិបតេយ្យភាព របស់កម្ពុជា។បន្ថែមពីនេះទៀតគឺការព្រមានកាត់ផ្តាច់ជំនួយជារឿយតាមរនយោបាយរបស់គណបក្សប្រឆំាង។
លោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្តបានឲ្យដឹងថា មហាជន កម្ពុជាត្រូវ តែស្វែងយល់ពីបរិបទនៃទំនូលរបស់ប្រទេសមហាអំណាចទំាង២នៅកម្ពុជា បើពុំ ដូច្នេះ ទេ ការយល់ ខុសរបស់ប្រជាពលរដ្ឋអាចឈានទៅជាន់ដាន ចាស់ធ្លាក់ក្នុងភ្នក់ភ្លើង សង្គ្រាមផ្ទៃក្នុងដូចកាលពីសម័យអតីតកាលដោយសារការជ្រៀតជ្រែកពីប្រទេសមហាអំណាចទំាង២សហរដ្ឋអាមេរិកនិងចិន។
លោកបណ្ឌិតបានបញ្ជាក់ថា កម្ពុជាត្រូវការលទ្ធិប្រជាធិបតេយ្យក្នុងការអភិវឌ្ឍន៍ប្រទេស ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យនេះមិនមែនយកលំនាំសហរដ្ឋអាមេរិកឬប្រទេសណាមួយទេ ប៉ុន្តែជាប្រជាធិបតេយ្យផ្អែកតាមស្ថានភាពនិងវប្បធម៌របស់កម្ពុជាទើបធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនេះមានភាពរឹងមាំ៕