UNវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលសរសេររបាយការណ៍លឿនតាមការកំណត់របស់ខ្លួន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖


អង្គការសហប្រជាជាតិ(UN) បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានធ្វើរបាយការណ៍ស្តីពីការអនុវត្ដ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា បានលឿនតាមការកំណត់ ។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសានេះ លោកស្រី រ៉ូណាស្មីត អ្នករាការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចាប់អារម្មណ៍ទៅលើរបាយការណ៍ ស្ដីពីការត្រួតពិនិត្យជាសកលស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្រោយជំនួប។
ឯកឧត្ដម ជិន ម៉ាលីន បានឲ្យដឹងទៀតថា លោកស្រី រ៉ូណាស្មីត បានវាយម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងពន្លឿនការបញ្ចប់របាយការណ៍តាមការកំណត់ ខណៈដែលកន្លងមកមានភាពយឺយ៉ាវទាក់ទងទៅការបញ្ជូនរបាយការណ៍អង្គការសហប្រជាជាតិ។ លោកស្រីបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាបើកចំហរការចូលរួមជាមួយភាគីពាក់ព័ន្ធ ជាពិសេសសង្គមស៊ីវិល ក្នុងពេលធ្វើរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្ស។
ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានឯកឧត្ដម ជិន ម៉ាលីន បញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុវត្ដការគោរពសិទ្ធិមនុស្ស និងនយោបាយបានយ៉ាងត្រឹមត្រូវ។ ឯកឧត្ដម មានប្រសាសន៍ថា កម្ពុជាតែងតែមានការបើកឲ្យមានការចូលរួមពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះមានទាំងសង្គមស៊ីវិល និងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីឲ្យរបាយការណ៍នីមួយៗធានាបានភាពល្អប្រសើរ តម្លាភាព អព្យាក្រឹត និងយុត្តិធម៌។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទី៧ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ ដើម្បីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា៕