រដ្ឋសភាស្នើរដ្ឋាភិបាលមីយ៉ាន់ម៉ាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រដ្ឋសភា ស្នើដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគីឲ្យកាន់តែប្រសើរឡើង ខណៈប្រទេសទាំងពីរស្ថិតក្នុងក្របខណ្ឌជាសមាជិកនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានជាមួយគ្នា។


ថ្លែងនៅក្នុងឱកាសទទួលជំនួបលោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៣០ ខែមេសា នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាចង់ឃើញរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា បន្តពិចារណារួមគ្នាថែមទៀត ពីការគិតគូរពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាពិសេស វិស័យវប្បធម៌ ដោយប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ពញាចក្រី ហេង សំរិន ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងបន្តថា សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានលើកជាសំណើទៅរដ្ឋាភិបាលមីយ៉ាន់ម៉ាពីការជួយគាំទ្រដល់អ្នកវិនិយោគកម្ពុជា ដែលកំពុងមានវត្តមាននៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលបច្ចុប្បន្នប្រមាណ៣០ក្រុមហ៊ុន ដើម្បីជាការរក្សាកំណើន និងពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ។

ឯកឧត្តម កែវ ពិសិដ្ឋ បានឲ្យដឹងទៀតថា សម្តេច ពញាចក្រី ហេង សំរិន បានជម្រាបលោកជំទាវ អោង សានស៊ូជី ថា នៅឆ្នំា២០២០ខាងមុខនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ លើកទី១៣ នៃភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុប ហៅកត់ថា ASEP ដើម្បីរួមជាកម្លាំងជំរុញទំនាក់ទំនងផ្នែកនយោបាយ សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ វប្បធម៌ ការអភិវឌ្ឍដោយចីរភាព។
បើតាមអ្នកនាំពាក្យបានបញ្ជាក់ថា លោកជំទាវទីប្រឹក្សារដ្ឋ នៃសហភាពមីយ៉ាន់ម៉ារូបនេះ បានគំាទ្រការលើកឡើងថា រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ក៏ចង់ឃើញប្រទេសទំាងពីរមានទំនាក់ទំនងល្អលើ វិស័យទេសចរណ៍ អប់រំ ពិសេសកិច្ចសហប្រតិបត្តិការគ្នាលើវិស័យទេសចរណ៍ តាមរយៈការភ្ជាប់ទំនាក់ទំនងមេត្រីភាពរវាងតំបន់ប្រាសាទអង្គររបស់កម្ពុជា និងតំបន់វប្បធម៌របស់មីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យមានការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀតដែលប្រទេសទាំងពីរ មានសក្តានុពល ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត៕